គ្រោះថ្នាក់ញឹកញាប់! ស្ថាប័នជំនាញ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់កំលុងបុណ្យចូលឆ្នាំថ្មី
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការបើកបរទៅកាន់ទីកន្លែងនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមសេចក្តីអំពាវនាវបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយនាថ្ងៃចន្ទទី៦មេសា ឆ្នាំ២០២៦...។

សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើឡើងក្រោយគណៈកម្មាការកត់សម្គាល់ឃើញថា នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមានកំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខ គណៈកម្មការ ស្នើដល់សាធារណជនជាពិសេសអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។

ជាមួយគ្នា គណៈកម្មការក៏ស្នើឱ្យពលរដ្ឋត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជា របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក, ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញា បែងចែកគន្លងផ្លូវ។ មួយវិញទៀត ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ការជែង ការចត និងការឈប់ ពិសេសការបើកបរនៅពេលយប់។ ដោយឡែកមុនពេលធ្វើដំណើរ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្សេងៗជាមុនសិន ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម និងត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។

ទន្ទឹមនោះ គណៈកម្មការណែនាំមិនឱ្យមានការផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល ជាពិសេស មិនត្រូវដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះឡើយ។ គួរបញ្ជាក់ថា កាលពីពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ពោលគឺក្នុងរយៈពេល៣ថ្ងៃនៃពិធី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន២១លើក បណ្ដាលឱ្យមនុស្ស១៦នាក់បានបាត់បង់ជីវិត និង៣៧នាក់រងរបួសធ្ងន់ស្រាល។ ចំនួនខាងលើនេះថយចុះចំនួន៣៩លើក បើធៀបនឹងពិធីបុណ្យចូលឆ្នាំកាលពីឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់៦០ករណី បណ្ដាលឱ្យមនុស្សស្លាប់៣៩នាក់ និងរងរបួស១០០នាក់

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២៥។ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២៥។ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត