
ក្រុងសិរីសោភ័ណ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងប្រារព្ធទ្បើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៦ ធ្វើឱ្យមានតម្រូវការសាច់-បន្លែ ច្រើនជាងពេលធម្មតា ដូច្នេះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រើនរំឭកអាជីវករកុំលក់ទ្បើងថ្លៃពេក...។

លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬថ្ងៃបុណ្យភ្ជំុបិណ្ឌ តម្រូវការសាច់១ថ្ងៃអាចលោតដល់ជាង៥០តោន ដោយក្នុងនោះ មានសាច់មាន់ ទា ក្ងាន សាច់ជ្រូក សាច់គោ និងសត្វពាហណៈផ្សេងៗ។ ចំពោះសាច់សត្វដាក់លក់សុទ្ធសឹងជាសត្វចិញ្ចឹមក្នុងស្រុក។ ជាមួយគ្នា លោកប្រធានមន្ទីរពាណិជ្ជកម្ម គូសបញ្ជាក់ថា សាច់ដែលលក់ក្នុងទីផ្សារចំពោះសាច់សត្វជ្រូក មួយគីឡូក្រាម២ម៉ឺនរៀល, សាច់គោមួយគីឡូក្រាម២មុឹន៥ពាន់រៀល, សាច់មាន់ចិញ្ចឹមមួយគីឡូក្រាម១ម៉ឺន៣ពាន់រៀល និងមាន់ស្រែមួយគីឡូក្រាមតម្លៃ៣ម៉ឺនរៀល ប៉ុន្តែចំពោះថ្ងៃបុណ្យអាចតម្លៃនឹងលើសពីថ្ងៃធម្មតា។ យ៉ាងណា មន្ត្រីជំនាញ បានចុះណែនាំដល់អាជីវករឱ្យលក់តម្លៃតាមតម្លៃកំណត់។

ចំណែក បន្លែ-ផ្លែឈើ ដាក់លក់ក្នុងទីផ្សារនៅខេត្តបន្ទាយមានជ័យ មានប្រមាណ៧០ភាគរយ បានដាំក្នុងស្រុក ភាគច្រើនជាបន្លែស្លឹក និងមើម ហើយប្រមាណ២០ភាគរយ ត្រូវបាននាំចូលពីប្រទេសចិន និងវៀតណាម បើធៀបតម្លៃមិនខុសគ្នាប៉ុន្មានទេ ព្រោះការដាំដុះរបស់ប្រជាកសិករទទួលបានការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញ៕ រាយការណ៍ដោយ៖ លោក ឈុន មករា



