រដ្ឋសម្រេចទទួលបន្ទុកទាំងស្រុងនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលបន្ទុកទាំងស្រុងនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ចំនួន១០ភាគរយ ទាំងស្រុង។ នេះបើតាមការជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ដល់សហគ្រាសប្រកបអាជីវកម្មនាំចូល ចែកចាយបន្តប្រេងម៉ាស៊ូត និងឧស្ម័ន PLG ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៦មេសានេះ...។

ការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងម៉ាស៊ូត និងឧស្ម័ន LPG នៅលើទីផ្សារអន្តរជាតិ។ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងដូច្នេះថា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវវិធានការបន្ថែមទៀតដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (រដ្ឋទទួលបន្ទុកជំនួសចំនួន១០ភាគរយទាំងស្រុង) ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ចាប់ពីពេលជូនដំណឹងនេះ រហូតដល់មានការសម្រេចជាថ្មី។

ផ្អែកតាមការសម្រេចនេះ ក្រសួងសេដ្ឋកិច្ច ណែនាំឱ្យសហគ្រាសនាំចូល និងចែកចាយបន្ត ធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ត្រូវចេញវិក្ក័យបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ប៉ុន្តែមិនត្រូវគិតអាករទេ ដោយលើវិក្កយបត្រអាករត្រូវប្តូរ «អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ» ទៅជា «អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ»។ សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិនស្ថិតនៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់មិនត្រូវគិតអាករលើតម្លៃបន្ថែមទេ។ 

ក្នុងគ្រាវិបត្តិប្រេងសកលដែលបាននិងកំពុងបន្ត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋ។ ជាក់ស្ដែង មុនទទួលបន្ទុកទាំងស្រុងនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG រាជរដ្ឋាភិបាលទើបតែបានអន្តរាគមន៍បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត (មក០រៀល ឬដុល្លារ), បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី៤ភាគរយ មក០ភាគរយ និងការបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី១០ភាគរយ មក៤ភាគរយ។ កាលពីថ្ងៃទី២៨មីនា រាជរដ្ឋាភិបាល ក៏ទើបតែសម្រេចកែសម្រួល និងបញ្ចុះអត្រាពន្ធនាំចូល​លើមុខទំនិញមួយចំនួន ក្នុងនោះក៏មានរថយន្តអគ្គិសនី និងផលិតផលសូឡាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត