
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តលើកលែងពន្ធចំនួន៦ខែទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ចំពោះវិស័យទេសចរណ៍ សណា្ឋគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍។ ការសម្រេចបន្តលើកលែងពន្ធនេះដើម្បីពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឲ្យរស់ឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់នៅក្នុងកម្មវិធីស្តីពី«ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ»ដែលរៀបចំឡើងតាមអនឡាញនៅថ្ងៃទី៣ ខែកុម្ភៈថា ការអនុគ្រោះពន្ធនេះ គឺសម្រាប់តែសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត,ក្រុងបាវិត និងក្រុងប៉ោយប៉ែតប៉ុណ្ណោះ។ ចំពោះក្រុមហ៊ុនអាកាសចរណ៍ ក៏ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងកម្ពុជាផងដែរ។

ឯកឧត្តម គង់ វិបុល បានរៀបរាប់ថា៖«យើងលើកលែងពន្ធលើ ការបង់ពន្ធប្រចាំខែ ពន្ធលើអត្ថប្រយោជន៍បន្ថែម ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុក ចំពោះវិស័យដែលរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក៏មិនតម្រូវឲ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល(Prepayment of Income Tax)»។
ក្រៅពីលើកលែងពន្ធហើយ វិស័យទេសចរណ៍ដែលមាននិយោជិកព្យួរការងារ ក៏នៅតែទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារជារៀងរាល់ខែរហូតដល់វិស័យមួយនេះមានសា្ថនភាពធូរស្បើយជាងនេះ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឧបត្ថម្ភប្រាក់ដល់កម្មករ និយោជិកដែលព្យួរការងារក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយស្តារ និងទ្រទ្រង់ដល់វិស័យមួយនេះបន្តងើបឡើងក្នុងបរិបទកូវីដ-១៩។ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចឈប់ផ្តល់ថវិកាចំនួន៤០ដុល្លារដល់កម្មករនិយោជិតដែលព្យួរការងារក្នុងវិស័យវាយនភណ្ឌ ចាប់ពីខែមករា ឆ្នាំ២០២២តទៅ ដោយសង្កេតឃើញថាវិស័យមួយនេះកំពុងតែដំណើរការល្អប្រសើរឡើងវិញហើយ ក្រោយពីបើកប្រទេសឡើងវិញ៕








