
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ នូវអាករពិសេសតាមអត្រា៥ភាគរយ សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។ តាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលទើបត្រូវបានផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការសម្រេចលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុកនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។

យ៉ាងណា ក្រសួងបានណែនាំដល់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុកទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ច មួយចំនួនដូចជា៖ ១.ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ២.ត្រូវកាន់ កត់ត្រា និងថែរក្សាឯកសារបញ្ជិកាគណនេយ្យ និងព័ត៌មានដែលទាក់ទិននឹងសកម្មភាព អាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារជាធរមាន។

៣.ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹង និងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។ ៤.ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាន និងសង្គមជាដើម និង៥. ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាព ផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គមផងដែរ៕



