
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង (ជាព្រលានចាស់) ឱ្យសាធារណជនចូលកម្សាន្ត និងហាត់ប្រាណដោយសេរី ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៩មេសា ចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៩យប់។ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងការប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហៅកាត់ថា ក.ស.អ. បានជូនដំណឹងនេះនៅថ្ងៃទី៦មេសា ឆ្នាំ២០២៦..។

ក្រុមការងារអន្តរក្រសួង អះអាងថា ការបើកអាកាសយានដ្ឋានពោធិ៍ចិនតុងជាសួនសាធារណៈ មានគោលបំណងចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសាធារណជនបានទស្សនាឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ សាធារណជន អាចចូលទៅហាត់ប្រាណ និងលេងកីឡានានា។ ទន្ទឹមគ្នា ប្រជាពលរដ្ឋទាំងអស់ អាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន រួមមាន៖ អគារផ្ចិត និងប៉មបញ្ជាការហោះហើរ (Tower), តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី(VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ខណៈទីតាំងទាំងនោះសុទ្ធសឹងតែជាតំបន់ និងកន្លែងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានតុបតែងលម្អតំបន់មួយចំនួនក្នុងអាកាសយានដ្ឋាន ដែលមានរូបភាពជាល្បែងប្រពៃណីជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់ឆ្នាំ២០២៦។ ក្រុមការងារអន្តរក្រសួង ណែនាំថា អ្នកថ្មើរជើងត្រូវអនុញ្ញាតឱ្យចេញ-ចូលតាមច្រកវីអាយភី(ចំណុចលេខ១)។ ដោយឡែក សម្រាប់អ្នកមាន កង់ ម៉ូតូ រថយន្ត តម្រូវឱ្យធ្វើដំណើរចូលតាមច្រកអគារ Terminal (ចំណុចលេខ៣) និងចេញមកវិញតាមអគារ Terminal (ចំណុចលេខ២)។ ការផ្ញើម៉ូតូត្រូវកំណត់តម្លៃ១ពាន់រៀល រីឯការផ្ញើរថយន្តមានតម្លៃ២ពាន់រៀល ចំណែកឯកង់វិញ គឺជាករណីលើកលែង។ សម្រាប់សម្ភារហាមឃាត់មិនឱ្យយកចូល និងលក់ដូរ រួមមាន៖ គ្រឿងស្រវឹង កាំជ្រួច និងគ្រឿងផ្ទុះនានា៕





