ចិន-ប៉ាគីស្ថាន ចាប់ដៃគ្នាបញ្ចេញផែនការ៥ចំណុច ពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដ៏សំខាន់មួយ ចិន និងប៉ាគីស្ថាន បានប្រកាសដាក់ចេញនូវសំណើផ្ដួចផ្ដើមសន្តិភាព៥ចំណុច ដើម្បីបញ្ចប់សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បន្ទាប់ពីជំនួបកម្រិតខ្ពស់រវាងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីសាក់ ដា (Ishaq Dar) និងសមភាគីចិន លោក វ៉ាងយី (Wang Yi)។

លោក អ៊ីសាក់ ដា (Ishaq Dar) និងលោក វ៉ាងយី 
លោក អ៊ីសាក់ ដា (Ishaq Dar) និងលោក វ៉ាងយី 

ការឈានជើងចូលមកជួយជ្រោមជ្រែងរបស់មហាអំណាចចិន នាពេលនេះ ត្រូវបានគេមើលឃើញថា ជាការផ្ដល់កម្លាំងចិត្តបន្ថែមដល់ប៉ាគីស្ថាន ដែលកំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួលរវាងរដ្ឋធានីវ៉ាស៊ីនតោន និងតេហេរ៉ង់។​ យោងតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរ បានអំពាវនាវឱ្យមាន«បទឈប់បាញ់ជាបន្ទាន់» និងការធានាសុវត្ថិភាពផ្លូវទឹក ជាពិសេសនៅច្រកសមុទ្ទហ័រមូស្ស ដែលកំពុងត្រូវបានបិទខ្ទប់។ ទោះបីជាកន្លងមក ចិនបានរក្សាជំហរអព្យាក្រិត និងផ្ដោតលើការការពារនាវាដឹកប្រេងរបស់ខ្លួនក៏ដោយ ប៉ុន្តែការបញ្ចេញផែនការសន្តិភាពលើកនេះ បង្ហាញថា រដ្ឋធានីប៉េកាំង មិនអាចអង្គុយមើលវិបត្តិដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកតទៅទៀតបានឡើយ។​

សម្រាប់ប៉ាគីស្ថាន សង្គ្រាមនេះ មិនត្រឹមតែជាវិបត្តិការទូតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការគំរាមកំហែងដល់ស្ថិរភាពផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ដោយមានព្រំដែនគោកប្រវែង៩០០គីឡូម៉ែត្រជាប់អ៊ីរ៉ង់ និងមានប្រជាជនកាន់សាសនាអ៊ិស្លាមនិកាយស៊ីអ៊ីតដ៏ច្រើនលើសលប់ ប៉ាគីស្ថានបារម្ភថា ជម្លោះនេះ អាចនឹងរីករាលដាលចូលក្នុងទឹកដីខ្លួន និងបង្កឱ្យមានជម្លោះនិកាយសាសនា។ អ្នកវិភាគនយោបាយ លោក រ៉ាហ្វីអ៊ូលឡា កាការ៍ (Rafiullah Kakar) បានលើកឡើងថា៖«អស្ថិរភាពធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងជះឥទ្ធិពលផ្ទាល់ដល់សន្តិសុខរបស់ប៉ាគីស្ថាន។ ការកើនឡើងនៃជម្លោះ ក៏កំពុងរុញច្រានអ៊ិស្លាម៉ាបាដ ឱ្យស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត»

​ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ភាពជោគជ័យនៃផែនការសន្តិភាព នៅតែជាមន្ទិលសង្ស័យនៅឡើយ ដរាបណាសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ មិនទាន់ព្រមអង្គុយនៅតុចរចាជាមួយគ្នា។ ខណៈលោក ត្រាំ អះអាងថា ការចរចាកំពុងដំណើរការទៅមុខយ៉ាងរលូន តែខាងភាគីអ៊ីរ៉ង់បានបដិសេធថា មិនទាន់មានការចរចាត្រង់ណាមួយកើតឡើងនោះទេ។ យ៉ាងណាមិញ ការដែលប៉ាគីស្ថានអាចទាញចិនឱ្យមកចូលរួមក្នុងសង្វៀនការទូតនេះ បានបង្ហាញឱ្យឃើញពីមហិច្ឆតារបស់រដ្ឋធានីអ៊ីស្លាម៉ាបាដ ក្នុងការចង់ក្លាយជាមហាអំណាចកណ្តាល ដែលមានឥទ្ធិពលក្នុងពិភពអ៊ិស្លាម និងនៅលើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត