ចូលឆ្នាំជិតមកដល់! ក្រសួងសុខាភិបាលរំឭកពលរដ្ឋប្រយ័ត្នពុលស្រា ពុលអាហារ និងឆ្លងជំងឺផ្ដាសាយបក្សី
S
Soriya Sou
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ ក្រសួងសុខាភិបាលចេញមកអំពាវនាវ ក៏ដូចជាក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ចំពោះសុខភាព ដោយត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលទានអាហារ, ស្រា ខ្លាចក្រែងមានករណីពុលកើតឡើង ឬក៏អាចឈានទៅឆ្លងជំងឺផ្ដាសាយបក្សី...។

តាមរយៈសេចក្ដីប្រកាសចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះសុខភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ដោយមិនត្រូវទទួលទានស្រា-ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយធ្វើជាស្រា-ស បង្កឱ្យមានការពុលរហូតដល់បាត់បង់ជីវិត។ លើសពីនេះ សូមចៀសវាងការប្រើប្រាស់គ្រឿងស្រវឹងដែលអាចបង្កអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ត្រូវរក្សាអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសក្រោយប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងសម្ភារចម្អិនអាហារ ដើម្បីបង្ការហានិភ័យសុខភាពផ្សេងៗ ជាពិសេសជំងឺផ្ដាសាយបក្សី។ 

ដោយសារខែមេសានេះ មានអាកាសធាតុក្ដៅ ជាថ្មីម្ដងទៀត ក្រសួងលើកទឹកចិត្តឱ្យពលរដ្ឋ ជាពិសេស មនុស្សពេញវ័យពិសាទឹកឱ្យបានញឹកញាប់លើសពី២លីត្រ ក្នុងមួយថ្ងៃ។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ និងមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។ ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទាក់ទងលេខទូរសព្ទ១១៥។ ក្រសួងក៏បានរំឭកឱ្យបងប្អូនប្រជាពលត្រូវប្រុងប្រយ័ត្ន និងបង្ការរអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។ ចំណែក អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងដែនសមត្ថកិច្ច ជាពិសេស ជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត