រដ្ឋមន្រ្តីណែនាំឱ្យធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ដើម្បីធានាឱ្យអ្នកជំងឺទទួលបានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់
S
Soriya Sou
03 កក្កដា 2026 04:45 PM

រាជធានីភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ដោយត្រូវកែលម្អគុណភាព និងអនាម័យនៃសេវាអាហារ ដើម្បីធានាឱ្យអ្នកជំងឺទទួលបានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងកាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យរយៈពេលយូរ…។

រដ្ឋមន្រ្តីសុខាភិបាលមានប្រសាសន៍ដូច្នេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្ដង់ដារសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់, ប្រធានផ្នែកវេជ្ជសាស្ត្រប្រចាំអាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Abbott រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាច្រើនរូបទៀត។ លោក ឈាង រ៉ា ថ្លែងថា ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺក្នុងស្ដង់ដារមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយជាជំហានដ៏សំខាន់ជួយកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ។ រដ្ឋមន្រ្តីសុខាភិបាលបានផ្ដល់អនុសាសន៍ដល់អង្គសិក្ខាសាលា ជាពិសេសក្រុមការងាររៀបចំផែនទីបង្ហាញផ្លូវឱ្យពិភាក្សាគ្នាដាក់ឱ្យប្រើប្រាស់នីតិវិធីស្ដង់ដារ (SOP) សម្រាប់ការពិនិត្យ និងវាយតម្លៃអាហារូបត្ថម្ភ ដោយកំណត់ឱ្យមានការពិនិត្យហានិភ័យនៃកង្វះអាហារូបត្ថម្ភ លើអ្នកជំងឺទាំងអស់ភ្លាមៗនៅពេលចូលសម្រាកពេទ្យ ដោយប្រើឧបករណ៍ពិនិត្យដែលទទួលស្គាល់ជាអន្តរជាតិ។

លោករដ្ឋមន្រ្តីផ្តល់ការណែនាំទៀតថា ត្រូវពង្រឹងក្រុមការងារពហុជំនាញ ដោយបង្កើតក្រុមការងារ រួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាក ឯកទេសអាហារូបត្ថម្ភ និងអ្នកបច្ចេកទេសចំណីអាហារ ក្នុងការវាយតម្លៃ និងរៀបចំផ្តល់អាហារតាមតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។ សំខាន់ជាងនេះ ត្រូវធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ដោយត្រូវកែលម្អគុណភាព និងអនាម័យនៃសេវាអាហារ ដោយធានាថាអាហារដែលផ្ដល់ជូនមានតម្លៃ ថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមស្ថានភាពជំងឺ។ 

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការផ្ដល់អាហាររូបត្ថម្ភ គឺជាការព្យាបាល ដែលនាំឱ្យមានការកាត់បន្ថយការសម្រាកពេទ្យ និងជួយសង្រ្គោះ។ អាហាររូបត្ថម្ភ ដើរតួនាទីសំខាន់នៃការព្យាបាល ហើយវាត្រូវចាប់ផ្តើមតាំងពីចូលមន្ទីរពេទ្យរហូតដល់ចេញទៅវិញ។ អាហារូបត្ថម្ភត្រឹមត្រូវ គឺជាការផ្ដល់កម្លាំង ផ្តល់ក្ដីសង្ឃឹមដល់អ្នកជំងឺ និងក្ដីសង្ឃឹមដល់មន្រ្តីសុខាភិបាលផង ដើម្បីសង្គមមួយដែលមានសុខភាពល្អ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត