
រដ្ឋធានីវ៉ាស៊ីនតោន៖ ពិភពលោកកំពុងដកដង្ហើមញាប់ញ័រជាថ្មី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសឱសានវាទចុងក្រោយរយៈពេល៤៨ម៉ោង ឱ្យអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្ទហ័រមូស្សជាបន្ទាន់ មិនដូច្នោះទេ រដ្ឋធានីតេហេរ៉ង់នឹងត្រូវប្រឈមមុខនឹងមហន្តរាយដ៏សាហាវបំផុត...។

ការព្រមានដ៏កាចសាហាវម្តងនេះ កើតឡើងចំពេលកងទ័ពសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងបើកប្រតិបត្តិការរុករកពីឡុតអាម៉េរិកម្នាក់យ៉ាងសស្រាក់សស្រាំ ដែលបាននិងកំពុងបាត់ខ្លួន ក្រោយយន្តហោះចម្បាំងត្រូវបានបាញ់ធ្លាក់។ តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានសរសេរសាររំឭកថា៖«ចាំបានទេ! កាលដែលខ្ញុំទុកពេលឱ្យអ៊ីរ៉ង់១០ថ្ងៃ ដើម្បីធ្វើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ឥឡូវនេះវានៅសល់តែ៤៨ម៉ោងទៀតប៉ុណ្ណោះ មុនពេលដែលពួកគេនឹងបានឃើញឋាននរក!»។ ការគំរាមកំហែងនេះ បានធ្វើឱ្យមានការបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញអន្តរជាតិ ដោយព្រមានថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិល អាចនឹងត្រូវចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្រ្គាម។

ស្របពេលជាមួយគ្នានេះ ភាពតានតឹងនៅលើសមរភូមិផ្ទាល់ បានហក់ឡើងដល់ចំណុចកំពូល បន្ទាប់ពីអ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 និង A-10 របស់សហរដ្ឋអាម៉េរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងកុលសម្ព័ន្ធ និងប្រជាជនក្នុងតំបន់បានចូលរួមជាមួយយោធា ដើម្បីរារាំងមិនឱ្យឧទ្ធម្ភាគចក្រសហរដ្ឋអាម៉េរិក ចុះចតរុករកពីឡុតដែលបាត់ខ្លួននោះឡើយ ដោយពួកគេបានប្រើប្រាស់កាំភ្លើងវែងបាញ់តបតយ៉ាងសន្ធាប់។

ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាមេដ ហ្កាលីបាហ្វ (Mohammad Ghalibaf) បានឆ្លៀតឱកាសចំអកឡកឡើយដល់រដ្ឋបាលលោក ដូណាល់ ត្រាំ ថា៖«សង្រ្គាមដែលពួកគេបានចាប់ផ្ដើម ឥឡូវនេះ បានធ្លាក់កម្រិតពីការផ្លាស់ប្ដូររបប មកត្រឹមជាសំណួរថា "នែ! មាននរណាឃើញពីឡុតយើងទេ?" ទៅវិញ។ ពិតជាការរីកចម្រើនដ៏អស្ចារ្យមែន!»។ ការចំអកនេះ បានបង្ហាញពីភាពជឿជាក់របស់អ៊ីរ៉ង់ក្នុងការទប់ទល់នឹងមហាអំណាចសហរដ្ឋអាម៉េរិក ទោះបីជាត្រូវប្រឈមមុខនឹងការវាយប្រហារបំផ្លិចបំផ្លាញពីលើអាកាសយ៉ាងណាក៏ដោយ៕



