
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានប្រកាសនៅព្រឹកថ្ងៃទី៥ ខែមេសានេះ ពីជោគជ័យនៃប្រតិបត្តិការសង្គ្រោះដ៏គ្រោះថ្នាក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ ដើម្បីរំដោះពីឡុតម្នាក់ ដែលជាប់គាំងក្នុងទឹកដីសត្រូវត្រឡប់មកវិញ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ដែលបង្ហោះដោយអ្នកនាំពាក្យសេតវិមានថា កងទ័ពសហរដ្ឋអាម៉េរិក បានសម្រេចនូវបេសកកម្មរុករក និងសង្គ្រោះដ៏អស្ចារ្យបំផុត ដើម្បីរំដោះមន្ត្រីជាន់ខ្ពស់ម្នាក់ដែលមានឋានន្តរសក្ដិជាវរសេនីយ៍ឯក ក្រោយយន្តហោះចម្បាំង F-15 របស់លោក ត្រូវបានបាញ់ធ្លាក់ក្នុងសប្តាហ៍ទី៦ នៃសង្រ្គាមអាម៉េរិក-អ៊ីរ៉ង់។ វរសេនីយ៍ឯករូបនេះ គឺជាសមាជិកទីពីរនៃយន្តហោះចម្បាំង F-15 ដែលត្រូវបានបាញ់ធ្លាក់កាលពី២ថ្ងៃមុន ខណៈសមាជិកដំបូងត្រូវបានសង្គ្រោះរួចរាល់តាំងពីមុន។

ព្រឹត្តិការណ៍នេះ បានក្លាយជាការប្រណាំងគ្នាយ៉ាងដង្ហក់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដោយភាគីអ៊ីរ៉ង់ បានព្យាយាមកៀងគរប្រជាពលរដ្ឋឱ្យជួយតាមរកពីឡុតរូបនោះក្នុងបំណងយកមកធ្វើជាចំណាប់ខ្មាំងនយោបាយ ដើម្បីដាក់សម្ពាធលើរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកជំនាញយល់ថា ប្រសិនបើសហរដ្ឋអាម៉េរិកធ្លាក់ចូលក្នុងវិបត្តិចំណាប់ខ្មាំងមែននោះ វានឹងក្លាយជាការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់សាធារណជនអាម៉េរិក ដែលបច្ចុប្បន្នកំពុងមានមតិចម្រុះ ជុំវិញការគាំទ្រសង្រ្គាមមួយនេះ។

ទោះបីជាប្រតិបត្តិការនេះទទួលបានជោគជ័យ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ដោយសារកងកម្លាំងសង្គ្រោះអាម៉េរិក បានជួបប្រទះនឹងការតតាំងយ៉ាងសាហាវពីសំណាក់យោធាអ៊ីរ៉ង់។ ឧទ្ធម្ភាគចក្រ Black Hawk ចំនួនពីរគ្រឿងត្រូវបានបាញ់ត្រូវដោយគ្រាប់កាំភ្លើងយោធាអ៊ីរ៉ង់ ប៉ុន្តែអាចហោះចេញពីដែនអាកាសអ៊ីរ៉ង់បានទាន់ពេល ហើយយន្តហោះចម្បាំង A-10 មួយគ្រឿងទៀតក៏ត្រូវបានបាញ់ធ្លាក់នៅជិតព្រំដែនកូវ៉ែតផងដែរ។ ទោះជាយ៉ាងនេះក្ដី លោក ត្រាំ នៅតែបង្ហាញមោទនភាពយ៉ាងខ្លាំងដោយអះអាងថា៖«ការដែលយើងអាចសម្រេចកិច្ចការនេះបាន ដោយមិនមានជនជាតិអាម៉េរិកណាម្នាក់ស្លាប់ ឬរងរបួសសូម្បីតែម្នាក់ គឺជាភស្តុតាងដែលបង្ហាញថា យើងមានអំណាចលើសលប់ និងការគ្រប់គ្រងដាច់ខាតលើដែនអាកាសរបស់អ៊ីរ៉ង់»៕



