
រដ្ឋធានីវ៉ាស៊ីនតោន៖ ពិភពលោកកំពុងភ្ញាក់ផ្អើលជាថ្មី ចំពោះមហិច្ឆតាយោធារបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្នើឱ្យសភាអនុម័តកញ្ចប់ថវិកាការពារជាតិដ៏មហាសាលរហូតដល់១,៥ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧។

នេះគឺជាការកើនឡើងនូវការចំណាយយោធាជាង៤០ភាគរយ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២ មក ខណៈរដ្ឋធានីវ៉ាស៊ីនតោនកំពុងជាប់ផុងក្នុងសង្គ្រាមដ៏ក្ដៅគគុកជាមួយអ៊ីរ៉ង់ ដែលបានឈានចូលដល់សប្តាហ៍ទី៥ហើយ។ យោងតាមរបាយការណ៍សម្ងាត់ដែលត្រូវបានទម្លាយដោយប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក សង្គ្រាមប្រឆាំងអ៊ីរ៉ង់ កំពុងស៊ីក្បាលកាក់ថវិកាជាតិយ៉ាងសាហាវរហូតដល់២ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ដើម្បីទប់ទល់នឹងបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរនេះ លោក ត្រាំ បានស្នើឱ្យកាត់បន្ថយថវិកាលើវិស័យមិនមែនការពារជាតិប្រមាណ៧៣ពាន់លានដុល្លារ ដោយលោកហៅកម្មវិធីសង្គមទាំងនោះថាជាកម្មវិធីខ្ជះខ្ជាយ និងឥតប្រយោជន៍។ លោកបញ្ជាក់យ៉ាងច្បាស់ថា ក្នុងស្ថានភាពសង្គ្រាម ការវិនិយោគលើកម្លាំងយោធាត្រូវតែជាអាទិភាពចម្បង ទោះបីជាត្រូវបោះបង់កម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាលសហព័ន្ធមួយចំនួនក៏ដោយ។

លោកប្រធានាធិបតី ត្រាំ បានថ្លែងក្នុងកម្មវិធីឯកជនមួយដោយត្រង់ៗថា៖«យើងមិនអាចរ៉ាប់រងលើការថែទាំកុមារ កម្មវិធីថែទាំសុខភាពបានទៀតឡើយ»។ លោកបានសង្កត់ធ្ងន់ថា រាល់ទំនួលខុសត្រូវលើសុខុមាលភាពទាំងនេះ គួរតែត្រូវបានផ្ទេរទៅឱ្យរដ្ឋអំណាចមូលដ្ឋានជាអ្នកចាត់ចែងវិញ ខណៈរដ្ឋាភិបាលកណ្តាល ត្រូវផ្ដោតអារម្មណ៍ទាំងស្រុងលើការការពារជាតិ និងកម្ទេចសត្រូវ។ ការប្រកាសនេះ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងខ្លាំងក្លានៅក្នុងសភាអាម៉េរិក ទាំងដែលពលរដ្ឋជាច្រើនបារម្ភពីស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខសង្គម ស្របពេលភ្លើងសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្តឆាបឆេះមិនទាន់អាចរកច្រកចេញឃើញ៕



