
ក្រុងព្រះសីហនុ៖ មនុស្សប្រុសស្រីចំនួន២២នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងសំណុំរឿងរត់ពន្ធថ្នាំញៀន និងសារធាតុផ្សំជាង២០០គីឡូក្រាម ស្ថិតក្នុងភូមិសាស្ត្រសណ្ឋាគារស៊ីជី នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ...។

យោងតាមរបាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចេញប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន២២នាក់ ក្នុងនោះរួមមាន៖ ជនជាតិចិន, វៀតណាម, និងជនជាតិខ្មែរផងដែរ។

ជាមួយគ្នា អាជ្ញាធរបានបន្តធ្វើការដកហូតរឹបអូសថ្នាំញៀនចម្រុះ និងសារធាតុផ្សំជាង២០០គីឡូក្រាម, រថយន្ត៦គ្រឿង, អាវុធខ្លី និងឧបករណ៍សម្ភារផលិតកែច្នៃ និងសំបកវេចខ្ចប់ថ្នាំញៀនជាច្រើនប្រភាទទៀត។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ ចំណែកមេខ្លោងធំឈ្មោះ យូ ហ្ស៊ីហ៊ុយ (YU ZHI HUI) ដែលជាបុរសជនជាតិចិន មន្ត្រីជំនាញនៃកងរាជអាវុធហត្ថបាននិងកំពុងធ្វើការតាមប្រមាញ់យកមកផ្ដន្ទាទោសផងដែរ៕









