
ក្រុងសៀមរាប៖ បណ្ណាល័យខាងជើងនៃរួតទី២ប្រាសាទអង្គរវត្ត បានបញ្ចប់ការជួសជុលរួចរាល់ជាស្ថាពរ កាលពីអំឡុងខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីចាប់ផ្តើមជួសជុល កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦មេសា ឆ្នាំ២០២៦…។

លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងជួសជុល បានឱ្យដឹងថា នាពេលកន្លងមក អាជ្ញាធរជាតិអប្សរា បិទមិនឱ្យភ្ញៀវទេសចរចូលទស្សនាបណ្ណាល័យខាងជើងនៃរួតទី២ប្រាសាទអង្គរវត្តនេះឡើយ ដោយបារម្ភពីសុវត្ថិភាពព្រោះថា ថ្មនៅរាយប៉ាយ និងមិនមានភាពរឹងមាំ អាចជ្រុះធ្លាក់ជាយថាហេតុណាមួយ។ ក្រោយជួសជួសរួចរាល់ លោករំពឹងថា បណ្ណាល័យនេះ នឹងក្លាយជាទស្សនីយភាពថ្មីមួយបន្ថែមទៀត កំលុងពេលភ្ញៀវទេសចរចូលកម្សាន្តប្រាសាទអង្គរវត្ត។ លើសពីនេះ ក៏អាចទស្សនាចម្លាក់អប្សរាដ៏ល្អឯក សិក្សាពីតួនាទី និងរចនាសម្ព័ន្ធនៃបណ្ណាល័យកាន់តែស៊ីជម្រៅ។ អ្នកជំនាញបន្ថែមថា គម្រោងជួសជុលបណ្ណាល័យគឺចែកជាពីរផ្នែក៖ ទី១.ពង្រឹងសាច់ថ្ម និងទី២.ជួសជុលពង្រឹងហេដ្ឋារចនាសម្ព័ន្ធតួបណ្ណាល័យ។

ក្នុងនោះ ក្រុមការងារលោកក៏កំពុងអនុវត្តគម្រោងសាកល្បង ដោយដាក់សសរពេជ្រចំនួន២ ដើម្បីទ្រទម្ងន់ផ្តែរក្នុងទិសដៅជួយរចនាសម្ព័ន្ធបណ្ណាល័យឱ្យកាន់តែរឹងមាំ។ សូមជម្រាបថា ក្រៅពីជួសជុលបណ្ណាល័យខាងជើង កន្លងមកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានជួលជុល និងអភិរក្សថ្មមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ដូចជា៖ ជួសជុលជើងសសរពុកផុយចំនួន១០ដើម, ព្រះពុទ្ធរូបទាំងបួនអង្គនៅជាន់បាកាន, ជួសជុលជើងសសរនៅជាន់ព្រះពាន់ចំនួនជាង៣០ និងជួសជុលចម្រឹងបង្អួចមួយចំនួននៅជិតលោកតារាជ៕






