
រដ្ឋធានីវ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារទី២ ខែមេសា ក្រុមនាវាវាយប្រហារផ្ទុកយន្តហោះ យូអេសអេស ចច អេច.ដាប់បលយូ ប៊ូស (USS George H.W. Bush) បានចាកចេញពីមូលដ្ឋានទ័ពជើងទឹកន័រហ្វុក (Norfolk) ក្នុងរដ្ឋវឺជិនៀ (Virginia) ឆ្ពោះពួយទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈបេសកកម្មនេះ នឹងធ្វើឱ្យសហរដ្ឋអាម៉េរិកមាននាវាផ្ទុកយន្តហោះខ្នាតយក្សដល់ទៅ៣គ្រឿង បញ្ឈរជើងចាំប្រយុទ្ធជាមួយអ៊ីរ៉ង់ក្នុងតំបន់សង្រ្គាមនៅមជ្ឈិមបូព៌ា។

យោងតាមមន្ត្រីអាម៉េរិក វត្តមានរបស់នាវា យូអេសអេស ចច អេច.ដាប់បលយូ ប៊ូស នឹងទៅបង្គ្រប់កម្លាំងយោធាជាមួយនាវាផ្ទុកយន្តហោះ២គ្រឿងផ្សេងទៀត ដែលកំពុងមានវត្តមានស្រាប់នៅក្បែរអ៊ីរ៉ង់។ ជាក់ស្តែង នាវាយូអេសអេស អាប្រាហាំ លីនខូលន៍ (USS Abraham Lincoln) កំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងសមុទ្ទអារ៉ាប់ ដើម្បីត្រៀមលក្ខណៈវាយប្រហារលើអ៊ីរ៉ង់ និងការការពារខ្លួន។ មួយវិញទៀត នាវាផ្ទុកយន្តហោះយូអេសអេស ជឺរ៉ាល់ រ៉ូណាល់ ហ្វត (USS Gerald R. Ford) គឺជានាវាផ្ទុកយន្តហោះទំនើបបំផុត ក៏កំពុងចូលចតបណ្តោះអាសន្ននៅប្រទេសក្រូអាត ដើម្បីជួសជុល បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះ ប៉ុន្តែវានៅតែស្ថិតក្នុងបញ្ជាការដ្ឋានតំបន់ ដើម្បីត្រៀមខ្លួនត្រឡប់ចូលសមរភូមិវិញ។

សូមជម្រាបបន្តិចថា កាលពីខែកុម្ភៈ នាវាយូអេសអេស ចច អេច.ដាប់បលយូ ប៊ូស ត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូនទៅតំបន់មជ្ឈិមបូព៌ាតាំងពីដំបូងមកម្ល៉េះ ប៉ុន្តែនៅពេលនោះ អាម៉េរិកបានសម្រេចចិត្តបញ្ជូននាវា យូអេសអេស ជឺរ៉ាល់ រ៉ូណាល់ ហ្វត ជំនួសវិញ បន្ទាប់ពីនាវានេះបានបញ្ចប់បេសកកម្មនៅតំបន់ការីបៀន ក្នុងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro)។ មន្ត្រីការពារជាតិអាម៉េរិកបានបញ្ជាក់ប្រាប់កាសែត The Wall Street Journal ថា ក្រុមនាវាផ្ទុកយន្តហោះទាំង៣គ្រឿងនេះ នឹងបន្តស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាក្នុងរយៈពេលវែងដែលមិនអាចកំណត់បានដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្រ្គាម ដែលកំពុងរីករាលដាលកាន់តែធំ។

គួរបញ្ជាក់ថា វត្តមាននាវាផ្ទុកយន្តហោះអាម៉េរិកដល់ទៅ៣គ្រឿងក្នុងពេលតែមួយនេះ គឺជាការបង្ហាញសាច់ដុំយោធាដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ វាគឺជាសារព្រមានយ៉ាងខ្លាំងក្លាទៅកាន់សត្រូវ ជាពិសេសអ៊ីរ៉ង់ ស្របពេលភាពតានតឹងសង្រ្គាមកំពុងឡើងដល់ចំណុចក្ដៅគគុកបែបនេះ៕



