នាទីមរណៈ! យន្តហោះចម្បាំងអាម៉េរិក២គ្រឿងធ្លាក់ក្នុងថ្ងៃតែមួយ ខណៈអ៊ីរ៉ង់ប្រកាសផ្តល់រង្វាន់ជាពិសេសដល់អ្នកដែលអាចសម្លា.ប់អ្នកបើក
ហៀប ស៊ីថេត
4 ម៉ោងមុន

តំបន់ឈូងសមុទ្ទពែក្ស៖ ស្ថានការណ៍សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេល៥សប្តាហ៍មកនេះ បន្ទាប់ពីយន្តហោះចម្បាំងអាម៉េរិកចំនួន២គ្រឿង បានធ្លាក់ក្នុងថ្ងៃតែមួយនៅតំបន់ឈូងសមុទ្ទពែក្ស នាថ្ងៃសៅរ៍ទី៤ ខែមេសានេះ។

ព្រឹត្តិការណ៍ដ៏រន្ធត់បំផុត បានកើតឡើងនៅពេលដែលយន្តហោះចម្បាំងប្រភេទ F-15E Strike Eagle មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសអ៊ីរ៉ង់។ មន្ត្រីអាម៉េរិកបានអះអាងថា ក្នុងចំណោមអាកាសយានិក២នាក់ មានម្នាក់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ចំណែកម្នាក់ទៀតកំពុងបាត់ខ្លួនលើទឹកដីអ៊ីរ៉ង់ បន្ទាប់ពីការលោតឆ័ត្រយោងចេញពីយន្តហោះ។ ជុំវិញរឿងនេះ អាជ្ញាធរអ៊ីរ៉ង់បានប្រកាសអាសន្នដល់ប្រជាជនស៊ីវិលឱ្យជួយតាមរកអ្នកបើកបរយន្តហោះដែលបានបាត់ខ្លួន ដោយសន្យាផ្តល់រង្វាន់លើកទឹកចិត្តពិសេស សម្រាប់ការចាប់ខ្លួន ឬសម្លាប់អាកាសយានិករូបនោះ។ ជាមួយគ្នានេះ ឧទ្ធម្ភាគចក្រប្លេកហក(Blackhawk) ២គ្រឿងដែលព្យាយាមចូលទៅជួយសង្គ្រោះ ត្រូវបានរងការបាញ់ប្រហារពីកងកម្លាំងអ៊ីរ៉ង់ ប៉ុន្តែសំណាងល្អ អាចហោះចាកចេញពីដែនអាកាសរដ្ឋធានីតេហេរ៉ង់ទាន់ពេលវេលា។

ក្រៅពីយន្តហោះចម្បាំងប្រភេទ F-15E Strike Eagle ក្នុងពេលដំណាលគ្នានោះ យន្តហោះប្រភេទ អេ-ដប់ វ៉រថក (A-10 Warthog) មួយគ្រឿងទៀត ក៏បានជួបឧប្បត្តិហេតុធ្លាក់នៅលើទឹកដីប្រទេសគុយវ៉ែតផងដែរ។ អ្នកបើកបរយន្តហោះនេះត្រូវបានគេរាយការណ៍ថា បានលោតចេញពីយន្តហោះ និងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ប៉ុន្តែស្ថានភាពរបួសមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ គេនៅចាំបានថា ទោះកាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានអះអាងថា កងទ័ពអាកាសអ៊ីរ៉ង់ត្រូវបានកម្ទេចស្ទើរទាំងស្រុងក៏ដោយ ប៉ុន្តែហេតុការណ៍នេះបានបង្ហាញថា អ៊ីរ៉ង់នៅតែមានសមត្ថភាពការពារដែនអាកាសយ៉ាងខ្លាំងក្លា ជាពិសេសមីស៊ីល និងដ្រូនអត្តឃាត ដែលអាចនៅតែកម្ទេចយន្តហោះចម្បាំងទំនើបៗរបស់អាម៉េរិកបាន។

សូមបញ្ជាក់ថា ទាហានអាម៉េរិក១៣នាក់បានពលី និងជាង៣០០នាក់រងរបួស ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា។ ២ភាគ៣ នៃប្រជាជនអាម៉េរិកចង់ឱ្យសង្គ្រាមនេះបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារក្ដីបារម្ភពីតម្លៃថាមពល និងអតិផរណាសកល។ បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជោគវាសនារបស់អ្នកបើកយន្តហោះអាម៉េរិក ដែលកំពុងជាប់គាំងក្នុងទឹកដីអ៊ីរ៉ង់ ខណៈសហរដ្ឋអាម៉េរិកប្រឈមនឹងការសម្រេចចិត្តដ៏លំបាករវាងការបង្កើនការវាយប្រហារ ឬការរកផ្លូវចរចាដើម្បីបញ្ចប់ជម្លោះ ដែលកំពុងរីករាលដាលពេញមជ្ឈិមបូព៌ានេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត