សំណង់ក្បាលហុងស្ទឹងតូច នឹងជួយការពាររាជធានីភ្នំពេញពីទឹកជំនន់
S
Sreyleak Yith
5 ម៉ោងមុន

ក្រុងច្បារមន៖ សំណង់ក្បាលហុងស្ទឹងតូច មានតួនាទីសំខាន់ក្នុងការបញ្ជាទឹក ការពាររាជធានីភ្នំពេញពីទឹកជំនន់ និងតំបន់ជុំវិញ។ នេះជាការលើកទ្បើងរបស់ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៤មេសា ឆ្នាំ២០២៦ កំលុងពេលចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៃសំណង់ទំនើបកម្មក្បាលហុងស្ទឹងតូច ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា សំណង់ទំនើបនេះ នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់ទឹកកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ មួយវិញទៀត ក្រៅពីអត្ថប្រយោជន៍លើវិស័យធនធានទឹក ទីតាំងនេះ ក៏ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារ ដែលប្រែក្លាយទៅជាតំបន់ទេសចរណ៍ និងកន្លែងសម្រាកកម្សាន្ត បង្កើនសោភ័ណភាពក្នុងតំបន់ដែរ។ លោករដ្ឋលេខាធិការបន្ថែមថា  សំណង់ក្បាលហុងស្ទឹងតូច នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការស្ទាក់ចាប់ និងរក្សាទុកប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ដើម្បីធានាសន្តិសុខទឹកជូនប្រជាពលរដ្ឋ។

សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកំពង់ស្ពឺ មានការងារសំខាន់ៗដូចជា ស្តារស្ទឹងតូចប្រវែង៥១គីឡូម៉ែត្រ និងសំណង់ស្ទាក់ទឹកមួយកន្លែងមានកម្ពស់៨ម៉ែត្រ ទទឹង៥១ម៉ែត្រ និងបណ្តោយ៣០០ម៉ែត្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត