ថ្ងៃបុណ្យចូលឆ្នាំថ្មី សួនរុក្ខជាតិអង្គរ មានតាំងពិព័រណ៍សត្វល្អិត និងសត្វស្លាប
S
Sreyleak Yith
7 ម៉ោងមុន

ក្រុងសៀមរាប៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ សួនរុក្ខជាតិអង្គរ មានរៀបចំពិព័រណ៍សត្វល្អិត និងសត្វស្លាប ដើម្បីបង្ហាញពីជីវៈចម្រុះ ដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥មេសា។

លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងពិព័រណ៍មានការតាំងបង្ហាញពីសត្វព្រៃកម្រមួយចំនួន កំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា សត្វភេ ទោចម្កុដ និងសត្វស្លាបចម្រុះប្រភេទ សុទ្ធសឹងជាសត្វទទួលបានការថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ ការរៀបចំនេះ មានគោលបំណងដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ លើសពីនេះ ក៏មានការរៀបចំសួនផ្កាកូលាប និងសួនកេសរកូល (ផ្កាឡំអង់) តំបន់កម្សាន្តសម្រាប់កុមារ និងមានការតុបតែងលម្អតាមរចនាបទពីបុណ្យចូលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។

សូមជម្រាបថា សួនរុក្ខជាតិអង្គរត្រូវបានកែលម្អ និងបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២។ គិតមកទល់ពេលនេះ សួនទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង៦០ម៉ឺននាក់។ សួនរុក្ខជាតិអង្គរ បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃពុធដល់ថ្ងៃចន្ទ (ឈប់សម្រាករៀងរាល់ថ្ងៃអង្គារ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត