ជនបរទេស១៤នាក់​ត្រូវអាជ្ញាធរចាប់ខ្លួន ក្រោយលួចសង្ងំឆបោកលុយនៅខណ្ឌកំបូល
ហាក់ អ៊ីឌី
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស១៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេលួចសង្ងំប្រព្រឹត្តិអំពើបោក ឬ Online Scams ស្ថិតនៅក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី០៤មេសា ឆ្នាំ២០២៦...។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះធ្វើការត្រួតពិនិត្យទីតាំងបុរីខាងលើ ឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិបង់ក្លាដេសចំនួន៥នាក់ និង៩នាក់ទៀតជាជនជាតិប៉ាគីស្ថាន ពាក់ព័ន្ធការស្នាក់នៅមិនប្រក្រតី ព្រមទាំងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជាមួយគ្នា សមត្ថកិច្ចបានរកឃើញជនសង្ស័យទាំងនេះ កំពុងប្រើប្រាស់ទឹកដីកម្ពុជា ជាគោលដៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពផ្តល់ការងារ ដើម្បីបោកប្រាស់ជនរងគ្រោះ។ បច្ចុប្បន្ន ជនសង្ស័យជនបរទេសទាំងនោះ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត