មន្រ្តីក្រសួងដែនដី ជំរុញពលរដ្ឋនៅតំបន់អង្គរប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវ មានរបៀបរៀបរយលើកកម្ពស់វិស័យទេសចរណ៍
S
Soriya Sou
8 ម៉ោងមុន

ក្រុងសៀមរាប៖ លោក លី វណ្ណសូត្រ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារប្រតិបត្តិក្រុងរុនតាឯកតេជោសែន បានណែនាំដល់ប្រជាពលរដ្ឋក្នុងសង្កាត់រុនតាឯក មានដីស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវប្រើប្រាស់ដីឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលច្បាប់បានកំណត់ ដើម្បីជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង...។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ថ្លែងដូច្នេះក្នុងវេទិកាពិគ្រោះយោបល់ ដើម្បីទទួលសំណូមពររបស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងភូមិទាំង៩ ក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាពេលថ្មីៗនេះ។ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ លោក លី វណ្ណសូត្រ មានប្រសាសន៍ថា ការរៀបចំផែនការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋាន និងត្រឹមត្រូវតាមបច្ចេកទេស ធ្វើឱ្យនៅក្នុងតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក មានសណ្ដាប់ធ្នាប់ល្អ មានរបៀបរៀបរយ និងអាចជួយទាក់ទាញភ្ញៀវទេសចរមកទស្សនាបានកាន់តែច្រើន ធ្វើឱ្យប្រជាពលរដ្ឋទទួលបានចំណូលតាមរយៈវិស័យទេសចរណ៍។

‎លោកបន្ដថា ការរៀបចំផែនការប្រើប្រាស់ដីនេះ គឺជាការកំណត់ចក្ខុវិស័យដ៏វែងឆ្ងាយនៅពេលខាងមុខ ដោយមានការចង្អុលបង្ហាញច្បាស់លាស់ និងដើម្បីរក្សាបាននូវកេរ្ដិ៍ដំណែល វប្បធម៌ ប្រវត្ដិសាស្ត្រ អត្ដសញ្ញាណ និងធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ការប្រើប្រាស់ដីដែលជាគុណតម្លៃរបស់ដី នៅក្នុងទីតាំងនៃតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ។ កិច្ចការនេះ ពិតជាមានសារសំខាន់ និងចាំបាច់សម្រាប់ភូមិករដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយកិច្ចការនេះសម្រេចបានត្រូវមានការចូលរួមសហការពីក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងអស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត