
ដោយ៖ យិត ស្រីល័ក្ខ
រាជធានីភ្នំពេញ៖ គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត៤២លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស…។

គ្រឹះស្ថានអង្គរគូសបញ្ជាក់ថា ចាប់ពីខែមករាដល់ខែវិច្ឆិកា ភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុបជិត៩សែននាក់ និងទទួលបានចំណូល៤១,៩លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គររយៈពេល១១ខែ ឆ្នាំ២០២៤នេះ កើនទ្បើងជាង២៨ភាគរយ ហើយចំណូលក៏កើនឡើងជាង២៨ភាគរយដែរ។

ជាមួយគ្នានោះ ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែររយៈពេល១១ខែទទួលបានជាង២,៧សែនដុល្លារ ពីអ្នកទេសចរបរទេសចំនួនជាង១,៨ម៉ឺននាក់។ រីឯចំណូលលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសមានចំនួន៧សែនដុល្លារ។ គ្រឹះស្ថានអង្គរបន្ថែមថា រយៈពេល១១ខែក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផា បានចំនួនសរុប១លាននិងជិត៨សែនដុល្លារ ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

សូមជម្រាបថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត៕

រូបពីអាជ្ញាធរជាតិអប្សរា


