
(សៀមរាប)៖ ក្រសួងបរិស្ថាន សហការរួមគ្នាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប រៀបចំសួនដំណាំផ្លែឈើហូបផ្លៃនានានៅក្នុង«ភូមិធម្មជាតិរុនតាឯក» ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

«បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថានគឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោលការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ»។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលថ្លែងក្នុងឱកាសចុះត្រួតពិនិត្យការងារគាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯកសម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរកាលពីថ្ងៃទី២៦ ខែសីហា។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖«ការចូលរួមរបស់បងប្អូនក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅដ្ឋានមករស់នៅលើភូមិរៀបចំថ្មី»។

គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតបានចំនួន ៣៥ ៧៨៤ ក្បាលដី ស្មើនឹង៥ ៩០៣ ហិកតា។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋមកចូលរួមចាប់ឆ្នោតជ្រើសរើសទីតាំងទៅរស់នៅភូមិធម្មជាតិរុនតាឯកចំនួន ១១៦គ្រួសារ សរុបចំនួន ៩៣៦គ្រួសារហើយ។ មកដល់ពេលនេះ មន្ត្រីជំនាញបានឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ឲ្យពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់នៅតំបន់អង្គរខុសច្បាប់ មកតាំងលំនៅថ្មី បានចំនួន៣២,០៧ ហិកតា។
ជាមួយគ្នានេះ មន្ត្រីជំនាញបានស្ថាបនាផ្លូវគ្រួសក្រហមចំនួន៨ខ្សែ ដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង១៣៣០ ម៉ែត្រ។

គូសបញ្ជាក់ថា ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងនាព្រឹកថ្ងៃទី២៤ ខែសីហាថា ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់អង្គរនោះ នឹងទៅសង់លំនៅឋានថ្មីក្នុងភូមិធម្មជាតិរុនតាឯក ដោយពុំមានសំណងអ្វីទាំងអស់ ពោលគឺមានតែដីដែលប្រគល់ឲ្យតែប៉ុណ្ណោះ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ២០គុណនឹង៣០ម៉ែត្រ។ ខណៈបច្ចុប្បន្នមានពលរដ្ឋជាង១០០គ្រួសារដែលធ្លាប់ប្រកបមុខរបរលក់ដូរនៅចិញ្ចើមផ្លូវត្រង់ចំណុចស្ទឹងសៀមរាបកំពុងរស់នៅទីនោះស្រាប់៕
















