ក្រសួងបរិស្ថានអះអាង៖ ៣ខែដំបូងនៃឆ្នាំ២០២៦ គុណភាពខ្យល់នៅកម្ពុជា «មានកម្រិតល្អ»
S
Soriya Sou
7 ម៉ោងមុន


រាជធានីភ្នំពេញ៖ ក្នុងត្រីមាសទី១ឆ្នាំ២០២៦ គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ គុណភាពខ្យល់នៅកម្ពុជា «មានកម្រិតល្អ»។ ក្រសួងបរិស្ថាន បានតាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈជាប្រចាំ។ នេះបើតាមការបញ្ជាក់កាលរសៀលថ្ងៃទី៤មេសា ឆ្នាំ២០២៦...។

បើតាមក្រសួងបរិស្ថាន តាមរយៈការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយដែលបានដំឡើងនៅទូទាំងប្រទេសចំនួន៥៩ទីតាំង (រាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្ដាខេត្តទូទាំងប្រទេសចំនួន៤៧ទីតាំង) បង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ស្ថិតក្នុងកម្រិតល្អបើធៀបទៅនឹងស្ដង់ដារគុណភាពខ្យល់សាធារណៈ។ ការប្រៀបធៀបគុណភាពខ្យល់រវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កម្រិតភាគល្អិតនិចល PM២,៥ មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ។ ក្រសួងអះអាងថា តែងបង្ហាញតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងគុណភាពខ្យល់នៅកម្ពុជា ពោលមិនដែលលាក់បាំងព័ត៌មានអំពីគុណភាពខ្យល់សាធារណៈនោះទេ។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យតាមពេលវេលាជាក់ស្តែងតាមរយៈគេហទំព័រ, កម្មវិធីទូរសព្ទ CGS SPA និងទំព័រហ្វេសប៊ុករបស់ក្រសួង។

យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់ ក្រសួងបានខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀងទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។ ក្រសួងក៏បានធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ លើសពីនេះ ក្រសួងបរិស្ថាន ក៏កំពុងធ្វើយុទ្ធនាការ ថ្ងៃនេះ..ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក!, កម្ពុជាស្អាតខ្មែរធ្វើបាន, និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ ព្រមទាំងពង្រឹង និងជំរុញការផ្សព្វផ្សាយវិធានការទប់ស្កាត់ការបំពល់ខ្យល់សាធារណៈ វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត