ខ្យល់ពុលកម្រិតមធ្យមបន្តគ្របដណ្ដប់លើខេត្តបន្ទាយមានជ័យ អ្នកមានបញ្ហាសុខភាពខ្សោយគួរកាត់បន្ថយការចេញក្រៅ
S
Sreyleak Yith
18 មករា 2026 03:30 AM

រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៨មករានេះថា ខេត្តបន្ទាយមានជ័យ នៅតែមានខ្យល់ពុលកម្រិតមធ្យម ដូច្នេះ អ្នកមានសុខភាពខ្សោយកាត់បន្ថយការចេញខាងក្រៅ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ប្រសិនបើមិនចាំបាច់។ បើមានអាការដូចជា ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អួតចង្អោរ អស់កម្លាំង ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ..។

មន្រ្តីបរិស្ថានបានឱ្យដឹងថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី១៧ ដល់ម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យម៣៨,៩៦មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្ដង់ដារ៥០មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺល្អ ប៉ុន្តែបើមើលទៅលើតារាងទិន្នន័យបង្ហាញថា ខេត្តបន្ទាយមានជ័យ ស្ថិតនៅពណ៌ទឹកក្រូច មានន័យថា បង្គួរ «ការបំពុលកម្រិតមធ្យម»។ មន្រ្តីបរិស្ថានបន្ថែមថា ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និង ខេត្តសៀមរាប ស្ថិតក្នុងពណ៌លឿង ពោលគឺបញ្ជាក់ថា គុណភាពខ្យល់«បំពុលកម្រិតស្រាល»។ ចំពោះមនុស្សទូទៅអាចធ្វើសកម្មភាពចេញក្រៅផ្ទះបានជាធម្មតា ប៉ុន្តែអ្នកមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលយូរពេក។

ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង កំពត​ ព្រៃវែង ក្រចេះ ព្រះសីហនុ មណ្ឌលគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ នៅស្ថិតក្នុងពណ៌ខៀវ បានន័យថា «គុណភាពខ្យល់ ល្អណាស់»។ រីឯរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កោះកុង កំពង់ធំ  ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តកែប ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងពណ៌បៃតង មានន័យថា «គុណភាពខ្យល់ល្អ»។ ចំពោះ ខេត្តតាកែវ ក្រសួងបញ្ជាក់ការវាស់កម្រិតខ្យល់ មិនដំណើរការទេ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត