
រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៤មករា ឆ្នាំ២០២៦នេះថា គុណភាពខ្យល់នៅខេត្តកំពង់ចាម កណ្តាល ខេត្តសៀមរាប និងបន្ទាយមានជ័យ មានខ្យល់ពុលកម្រិតស្រាល ខណៈរាជធានី-ខេត្ត២០ផ្សេងទៀត មានគុណភាពខ្យល់ល្អ…។

មន្រ្តីបរិស្ថានគូសបញ្ជាក់ថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី១៣ ដល់ម៉ោង៧ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យម៣៥,៦៦មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្ដង់ដារ៥០មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺល្អ។ តែផ្អែកលើទិន្នន័យខាងលើ បង្ហាញថា ខេត្តបន្ទាយមានជ័យ កណ្តាល សៀមរាប និងកំពង់ចាម ស្ថិតក្នុងពណ៌លឿង មានន័យថា គុណភាពខ្យល់ «ការបំពុលកម្រិតស្រាល»។ ចំពោះមនុស្សទូទៅអាចធ្វើសកម្មភាពចេញក្រៅផ្ទះ បានជាធម្មតា ប៉ុន្តែអ្នកមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលយូរពេក។

មន្រ្តីបរិស្ថានបន្ថែមថា ចំពោះ ខេត្តឧត្តរមានជ័យ កំពង់ធំ ស្ទឹងត្រែង រតនគិរី ព្រះសីហនុ មណ្ឌលគិរី កំពង់ឆ្នាំង កំពត ត្បូងឃ្មុំ និងខេត្តកែប ស្ថិតនៅ ពណ៌ខៀវ បញ្ជាក់ថា «គុណភាពខ្យល់ គឺល្អណាស់»។ ជាមួយគ្នា ខេត្តបាត់ដំបង កំពង់ស្ពឺ ព្រះវិហារ ព្រៃវែង កោះកុង ពោធិ៍សាត់ ស្វាយរៀង ប៉ៃលិន និងរាជធានីភ្នំពេញ ស្ថិតក្នុងពណ៌បៃតង បានន័យថា «គុណភាពខ្យល់ គឺល្អ» រីឯខេត្តតាកែវ ក្រសួងសួងបញ្ជាក់ការវាស់កម្រិតខ្យល់ មិនដំណើរការទេ៕





