
សៀមរាប៖ សួនរុក្ខជាតិអង្គរដែលស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត ខេត្តសៀមរាបនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ នៅពេលដែលសួនរុក្ខជាតិអង្គរនេះត្រូវបានសម្ពោធភ្លាម អាជ្ញាធរជាតិអប្សរានឹងអនុញ្ញាតឲ្យសាធារណជនអាចចូលទស្សនាដោយឥតគិតថ្លៃរយៈពេល១ខែ។

អាជ្ញាធរជាតិអប្សរាបានដកស្រង់សំដីរបស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលបន្ទុករៀបចំសួនថា សួនរុក្ខជាតិអង្គរដែលរុក្ខជាតិ និងផ្កាចម្រុះជាង៥០០ប្រភេទ និងរាប់ម៉ឺនដើមក្នុងទំហំ១៥ហិកតា ត្រូវបានក្រុមការងារបច្ចេកទេសកែលម្អសាជាថ្មីតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលសួនរុក្ខជាតិមួយនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ដោយកាលនោះសួនរុក្ខជាតិនេះគឺមានទំហំតែ២ហិកតាប៉ុណ្ណោះ។
បើតាមឯកឧត្តម យិត ចាន់ដារដ្ឋ ការកែលម្អសួនរុក្ខជាតិអង្គរនេះ គឺដើម្បីទទួលបានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈសួនរុក្ខជាតិដែលស្ថិតក្នុងទឹកដីអង្គរមួយនេះ។

អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្នុងសួនរុក្ខជាតិអង្គរមួយនេះ គឺមានការរៀបចំជាសួនធំៗចំនួន៥ប្លែកពីគ្នា ដោយសួនទី១ គឺជាសួនគ្រឿងទេស និងសួនឱសថ ដែលប្រមូលផ្តុំរុក្ខជាតិឱសថចម្រុះជាច្រើន ដែលដូនតាខ្មែរ ឬប្រជាពលរដ្ឋមានជំនឿយកទៅព្យាបាលរោគផ្សេងៗ រួមនិងដំណាំយកធ្វើជាគ្រឿងទេសដាំស្ល។
សួនទី២ គឺសួនផ្កាស្មៅ និងផ្កាចម្រុះ ប្រមូលផ្តុំនូវផ្កាចម្រុះតាមរដូវកាល និងផ្កាស្មៅ។ សួនទី៣ គឺជាសួនអំបូរត្នោត រួមមាន ដើមប្រង់ ស្លា លម្ម៉ើ ដូងប្រេង។ល។ សួនទី៤ គឺជាសួនខ្មែរ ប្រមូលផ្តុំរុក្ខជាតិហូបផ្លែច្រើនមុខ ហើយក្នុងនោះក៏មានការរៀបចំជាស្រែខ្នាតតូច និងការរចនាបែបខ្មែរផងដែរ ហើយសួនទី៥ ជាសួនព្រៃឈើ និងសត្វព្រៃអង្គរ ដែលជាផ្នែកមួយធំនៃព្រៃឈើអង្គរ ប្រមូលផ្តុំដោយដើមឈើប្រណិត សត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួន។

ក្រៅពីមានរុក្ខជាតិចម្រុះ ក្នុងសួនរុក្ខជាតិអង្គរនេះ ក៏មានការរៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានបញ្ជាក់ថា សាធារណជនអាចចូលរួមទស្សនាក្នុងសួនរុក្ខជាតិដ៏ធំមួយនេះបានដោយសេរីត្រឹមរយៈពេល១ខែ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ តទៅ។ ដល់ពេលកំណត់ សាធារណជនបើចង់ចូលទស្សនាសួនរុក្ខជាតិអង្គរនេះ គឺតម្រូវឲ្យបង់ប្រាក់ តែក្នុងតម្លៃថោកសមរម្យបំផុត។ ឯកឧត្តម យិត ចាន់ដារដ្ឋបានរៀបរាប់អំពីការគិតថ្លៃសេវាចូលទស្សនាសួនរុក្ខជាតិអង្គរដូច្នេះថា៖«ការយកថ្លៃចូលទស្សនា គឺដើម្បីងាយស្រួលគ្រប់គ្រងលំហូរទេសចរ ដែលទេសចរមានលទ្ធភាពចូលទស្សនា និងមានមោទកភាពក្នុងការរួមចំណែកថែរក្សាទីនេះទៅអនាគត»។

បើតាមឯកឧត្តមដែលជាអ្នកទទួលបន្ទុករៀបចំសួននេះ នៅថ្ងៃខាងមុខ កម្ពុជានឹងគ្រោងពង្រីកសួនរុក្ខជាតិអង្គរនេះក្នុងទំហំផ្ទៃដីជាង១៣០ហិកតា ដែលពង្រីកចាប់ពីបណ្តោយរុក្ខវិថីព្រះសីហនុ រហូតដល់ខាងត្បូងច្រាំងកសិន្ធុអង្គរវត្ត។ ជាមួយគ្នានេះ កម្ពុជានឹងបន្តរៀបចំទេសភាពបរិស្ថាននៅមុខប្រាសាទអង្គរវត្ត តាមប្រាសាទមួយចំនួនទៀតដូចជានៅព្រះលានជល់ដំរី និងគម្រោងអភិរក្ស និងជួសជុលមួយចំនួនទៀតផងដែរ៕























