ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យសន្សំសំចៃប្រេង និងត្រៀមបញ្ចេញកញ្ចប់ថវិកា១៦ពាន់លានដុល្លារ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង (Lee Jae Myung) បានអំពាវនាវឱ្យមានយុទ្ធនាការសន្សំសំចៃថាមពលនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងហានិភ័យនៃការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។

លោក លី ជេម្យ៉ុង
លោក លី ជេម្យ៉ុង

លោកបញ្ជាក់ថា ស្ថាប័នសាធារណៈទាំងអស់នឹងត្រូវកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ខណៈរដ្ឋមន្ត្រីក្រសួងថាមពល លោក គីម ស៊ុង​វ៉ាន (Kim Sung-hwan) បានបន្ថែមថា ការរឹតត្បិតលើការប្រើប្រាស់យានយន្តក្នុងវិស័យឯកជននៅតែធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្តនៅឡើយ ប៉ុន្តែអាចនឹងត្រូវពិនិត្យឡើងវិញ ប្រសិនបើកម្រិតអាសន្នថាមពលកើនឡើងលើសពីនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងស្នើឱ្យក្រុមហ៊ុនប្រើប្រាស់ប្រេងធំៗចំនួន៥០ កាត់បន្ថយការប្រើប្រាស់របស់ខ្លួន និងជំរុញឱ្យមានការបែងចែកម៉ោងធ្វើការខុសៗគ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងសន្សំសំចៃឥន្ធនៈ។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នធម្មជាតិរាវក្នុងរយៈពេលវែង រដ្ឋធានីសេអ៊ូលគ្រោងនឹងដាក់ឱ្យដំណើរការឡើងវិញនូវរ៉េអាក់ទ័រនុយក្លេអ៊ែ (Nuclear Reactor) ចំនួន៥គ្រឿងនៅត្រឹមខែឧសភា ព្រមទាំងបន្ធូរបន្ថយការរឹតត្បិតលើរោងចក្រដើរដោយធ្យូងថ្ម និងពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ។

Kim Sung-hwan

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងនឹងរៀបចំកញ្ចប់ថវិកាបន្ថែមចំនួន ២៥ទ្រីលានវ៉ុន (ប្រហែល១៦,៦ពាន់លានដុល្លារ) ឱ្យបានឆាប់បំផុត ដើម្បីផ្តល់ជាបណ្ណសាច់ប្រាក់ដល់អ្នកប្រើប្រាស់ និងជំនួយហិរញ្ញវត្ថុដល់ក្រុមហ៊ុននានា។ លោកប្រធានាធិបតី លី បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺមិនមែនការសន្សំសំចៃថវិការដ្ឋនោះទេ ប៉ុន្តែគឺការបញ្ចេញមូលនិធិឱ្យបានរហ័ស និងមានប្រសិទ្ធភាពទៅកាន់កន្លែងដែលត្រូវការបំផុត។ យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម កូរ៉េខាងត្បូងនាំចូលប្រេងឆៅប្រហែល៧០ភាគរយ តាមរយៈច្រកសមុទ្ទហ័រមូស្ស ដែលបច្ចុប្បន្នកំពុងជាប់គាំងស្ទើរតែទាំងស្រុងដោយសារការវាយប្រហាររវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ ទោះបីជាកូរ៉េខាងត្បូងមានប្រេងបម្រុងប្រហែល១៩០លានបារ៉ែល ដែលតាមស្ដង់ដាអង្គការថាមពលអន្តរជាតិ (IEA) អាចប្រើប្រាស់បាន២០៨ថ្ងៃក៏ដោយ ប៉ុន្តែអ្នកវិភាគបានព្រមានថា ប្រសិនបើគិតបញ្ចូលទាំងការប្រើប្រាស់ក្នុងវិស័យគីមីឥន្ធនៈសម្រាប់នាំចេញផងនោះ ប្រេងបម្រុងនេះអាចនឹងអស់ក្នុងរយៈពេលមិនដល់២ខែឡើយ។ ទោះបីជាមានការសន្យាផ្គត់ផ្គង់ប្រេង ២៤លានបារ៉ែលពីអារ៉ាប់រួមក៏ដោយ ប៉ុន្តែពេលវេលានៃការដឹកជញ្ជូននៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត