
រដ្ឋធានីសេអ៊ូល៖ នៅថ្ងៃសៅរ៍ទី២១ ខែមីនា ក្រុមអ្នកជួយសង្គ្រោះកូរ៉េខាងត្បូង បានរកឃើញសាកសពចំនួន១០នាក់ នៅក្នុងគំនរបាក់បែកដែលរងការឆេះខ្លោចខ្ទេចខ្ទីនៃរោងចក្រគ្រឿងបន្លាស់រថយន្តមួយកន្លែង ស្ថិតក្នុងទីក្រុងដេចន់ (Daejeon) ភាគកណ្តាលនៃប្រទេស ខណៈហេតុការណ៍នេះត្រូវបានគេជឿថា បង្កឡើងដោយការផ្ទុះ (តែពុំទាន់បញ្ជាក់ឱ្យច្បាស់ថា ផ្ទុះអ្វីនោះទេ)។ មានមនុស្សយ៉ាងតិច៥៩នាក់ផ្សេងទៀតរងរបួស និង៤នាក់កំពុងបាត់ខ្លួន។

ក្រសួងមហាផ្ទៃប្រទេសកូរ៉េខាងត្បូង បានអះអាងថា ក្នុងចំណោមអ្នករងរបួស មាន២៥នាក់រងរបួសធ្ងន់។ ជាមួយគ្នា មន្ត្រីម្នាក់អះអាងថា៖«គិតត្រឹមព្រឹកថ្ងៃទី២១ខែមីនានេះ យើងទទួលបានព័ត៌មានថា មនុស្ស១០នាក់បានស្លាប់ ២៥នាក់របួសធ្ងន់ និង៤នាក់ទៀតនៅតែបន្តបាត់ខ្លួន។ យើងក៏ដឹងដែរថា មនុស្ស៣៤នាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឡើយ»។

ក្រុមពន្លត់អគ្គិភ័យ ប៉ូលិស និងបុគ្គលិកសង្គ្រោះបន្ទាន់ជាង៥០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងស្ថានការណ៍ បន្ទាប់ពីភ្លើងបានចាប់ផ្ដើមឆេះយ៉ាងសន្ធោសន្ធៅ។ វីដេអូ និងរូបភាពពីកន្លែងកើតហេតុបានបង្ហាញពីផ្សែងយ៉ាងក្រាស់ហុយចេញពីអគារ ហើយកម្មករខ្លះបានសម្រេចចិត្តលោតចុះពីលើអគារដើម្បីគេចពីអណ្តាតភ្លើង។ ដោយសារបារម្ភពីការបាក់ស្រុតអគារ អាជ្ញាធរបានប្រើប្រាស់រ៉ូបូតពន្លត់អគ្គិភ័យ ដោយប្រើតេឡេបញ្ជា ដើម្បីបញ្ចុះកម្ដៅរចនាសម្ព័ន្ធអគារ មុននឹងបញ្ជូនមនុស្សចូលទៅរុករក។ សូមជម្រាបថា អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះកាលពីរសៀលថ្ងៃសុក្រទី២០ ខែមីនា ដែលមានកម្មករសរុប១៧០នាក់កំពុងធ្វើការនៅក្នុងរោងចក្រនោះ។ ជុំវិញរឿងរ៉ាវនេះ ប្រធានាធិបតី លី ជេម្យ៉ុង (Lee Jae Myung) បានអំពាវនាវឱ្យមានការចល័តកម្លាំង និងឧបករណ៍ជាច្រើន ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រោះ និងជួយដល់ជនរងគ្រោះ៕





