ចូលឆ្នាំ៖ ស្ថាប័នមានសមត្ថកិច្ច ណែនាំឱ្យអាជីវករបិទស្លាកតម្លៃលើមុខទំនិញទាំងអស់ ហើយមិនត្រូវដំឡើងថ្លៃដាច់ខាត
L
Linda Sorn
4 ម៉ោងមុន

រាជធានីភ្នំពេញ៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ហៅកាត់ថា ក.ប.ប. អំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សិប្បករ ពាណិជ្ជករ និងអាជីវករទាំងអស់ ត្រូវដាក់លក់ទំនិញមានគុណភាពខ្ពស់ ចៀសវាងដំឡើងថ្លៃដាច់ខាត ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អតិថិជន។          

មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ
មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ

តាមសេចក្តីណែនាំ ចេញផ្សាយកាលពីថ្ងៃទី៣មេសា ឆ្នាំ២០២៦ ក.ប.ប. បានស្នើម្ចាស់ក្រុមហ៊ុន និងអាជីវករត្រូវដាក់លក់ ផ្សព្វផ្សាយលក់ ជំរុញការលក់ ឬសកម្មភាពពាក់ព័ន្ធ ត្រូវគោរពតាមគោលការណ៍សុចរិត និងការប្រកួតប្រជែងដោយស្មោះត្រង់។ ត្រូវជៀសវាងការដាក់តាំងលក់ ឬចរាចរណ៍ផលិតផលមានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នា ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឬការប្រើប្រាស់ លេខបារកូដផលិតផល (Barcode) មិនត្រឹមត្រូវ ដែលធ្វើឱ្យអតិថិជន និងអ្នកប្រើប្រាស់មានការភាន់ច្រឡំ អំពីប្រភពដើមនៃការផលិត ឬអត្តសញ្ញាណរបស់ផលិតផល។

មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ
មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ

ក.ប.ប. សង្កត់ធ្ងន់ថា៖«រាល់ផលិតផល ទំនិញ និងសេវា រួមទាំងផលិតផលប្រេងឥន្ធនៈ ត្រូវមានអនុលោមភាព ឬភាពសមស្រប ទាំងលើគុណភាព សុវត្ថិភាព និងបរិមាណត្រឹមត្រូវ ហើយជៀសវាងការដំឡើងថ្លៃដែលធ្វើឱ្យប៉ះពាល់ ដល់អតិថិជន និងអ្នកប្រើប្រាស់។ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពម្ហូបអាហារជាអាទិ៍ លក្ខខណ្ឌអនាម័យក្នុងការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការដាក់តាំងលក់ជាដើម»។ មួយវិញទៀត ក.ប.ប. ក៏អំពាវនាវឱ្យអាជីរករបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល និងជំរុញឱ្យអតិថិជនទូទាត់ថ្លៃទំនិញជារូបិយបណ្ណជាតិ។ ក្នុងករណីសង្ស័យលើភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម ម្ចាស់ក្រុមហ៊ុន សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជនមេត្តាជួយសហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈ លេខ ១២៦៦៕

មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ
មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ
មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ
មន្រ្តី ក.ប.ប. ចុះត្រួតពិនិត្យការលក់ដូររបស់អាជីរករ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត