កងកម្លាំងថៃ នាំពលរដ្ឋខ្លួនទៅផ្ទៀងផ្ទាត់ទទួលយកដីនៅភូមិជោគជ័យ និងបន្តរាយបន្លាលួសនៅច្រកអូរស្មាច់, កម្ពុជាប្រកាសតវ៉ាដូចលើកមុនៗ
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា យោធា និងមន្រ្តីថៃ នៅតែបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពកម្ពុជា ដោយនាំពលរដ្ឋខ្លួនទៅផ្ទៀងផ្ទាត់[ដើម្បីទទួល]កម្មសិទ្ធិដីធ្លីនៅភូមិជោគជ័យ ហើយបន្តទៅរាយបន្លាលួសបន្ថែមនៅច្រកអូរស្មាច់ ខេត្តបន្ទាយមានជ័យ។ 

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញនៅយប់ថ្ងៃទី៣មេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា នៅចន្លោះថ្ងៃទី៣១មីនា ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្តោយព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ ក្រសួងចាត់ទុកសកម្មភាពនាំពលរដ្ឋខ្លួនទៅមើលដីនៅភូមិជោគជ័យនេះ គឺជាការប៉ុនប៉ងខុសច្បាប់របស់ថៃ ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្តែង និងការ សម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

កងកម្លាំងថៃ នាំពលរដ្ឋខ្លួនទៅផ្ទៀតផ្ទាត់ដីនៅភូមិជោគជ័យ។ រូបភាព៖ កងទ័ពថៃ
កងកម្លាំងថៃ នាំពលរដ្ឋខ្លួនទៅផ្ទៀតផ្ទាត់ដីនៅភូមិជោគជ័យ។ រូបភាព៖ កងទ័ពថៃ

ដោយឡែក នៅថ្ងៃទី២មេសា ឆ្នាំ២០២៦ ក្រសួងអះអាងថា​៖«កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម»។ នៅថ្ងៃនោះដដែល កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រសួងតវ៉ាយ៉ាងដាច់ខាតទៅនឹងសកម្មភាពទាំងនេះ និងមិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជាការអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។

កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាស ដែកចំនួន២គ្រឿង ដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់។ រូបភាព៖ បណ្តាញសង្គម
កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាស ដែកចំនួន២គ្រឿង ដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់។ រូបភាព៖ បណ្តាញសង្គម

ក្រសួងគូសបញ្ជាក់ថា សកម្មភាពទាំងនោះ គឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្រសួងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ ឬទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសដោយឯកតោភាគីឡើយ៕

កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាស ដែកចំនួន២គ្រឿង ដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់។ រូបភាព៖ បណ្តាញសង្គម
កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាស ដែកចំនួន២គ្រឿង ដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់។ រូបភាព៖ បណ្តាញសង្គម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត