
រដ្ឋធានីកាប៊ុល៖ មនុស្ស៨នាក់បានបាត់បង់ជីវិត និងកុមារម្នាក់បានរងរបួស កាលពីថ្ងៃសុក្រទី៣ ខែមេសា បន្ទាប់ពីផ្ទះមួយខ្នងបានបាក់ស្រុតនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្គានីស្ថាន ដោយសាររញ្ជួយដីដ៏ខ្លាំងក្លា។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់អាហ្វហ្កានីស្ថាន។

មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ ដែលហៅកាត់ថា GFZ បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមានកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភ្នំហ៊ីនឌូ គុស (Hindu Kush) ប្រទេសអាហ្វហ្កានីស្ថាន។ គ្រោះរញ្ជួយដីដ៏គួរភ័យខ្លាចនេះ បានញ័ររញ្ជួយដល់រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន និងរដ្ឋធានីញូដែលី ប្រទេសឥណ្ឌា។

ប្រទេសអាហ្វហ្កានីស្ថាន ស្ថិតនៅចន្លោះជួរភ្នំខ្ពស់ៗ ហើយប្រទេសនេះងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយធម្មជាតិ។ ក្នុងនោះ គ្រោះរញ្ជួយដី គឺជាមហន្តរាយដែលសាហាវជាងគេ ដោយជាមធ្យមបានសម្លាប់មនុស្សប្រហែល ៥៦០នាក់ ជារៀងរាល់ឆ្នាំ។ គេនៅចាំបានថា កាលពីខែវិច្ឆិកាកន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ និងបានបំផ្លាញផ្ទះសម្បែងរាប់រយខ្នងនៅក្នុងប្រទេសនេះផងដែរ៕



