
អ៊ីស្លាម៉ាបាដ៖ ស្ថានភាពនៅតំបន់អាស៊ីខាងត្បូង បានវិវត្តន៍ពីជម្លោះព្រំដែនទៅជាសង្គ្រាមបើកចំហហើយ បន្ទាប់ពីប៉ាគីស្ថាន បើកការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសលើទីក្រុងធំៗរបស់អាហ្គានីស្ថាន រួមទាំងរដ្ឋធានីកាប៊ុល នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈនេះ...។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាចា អាស៊ីហ្វ (Khawaja Asif) បានប្រកាសជាផ្លូវការនូវស្ថានភាពសង្គ្រាមបើកចំហ ជាមួយរបបដឹកនាំតាលីបង់ ដោយបញ្ជាក់យ៉ាងដាច់អហង្កាថា៖«ការអត់ធ្មត់របស់យើងបានដល់ទីបញ្ចប់ហើយ! ឥឡូវនេះ វាជាសង្គ្រាមរវាងយើង និងអ្នក»។ សេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន AFP នៅរដ្ឋធានីកាប៊ុល និងទីក្រុងកង់ដាហារ បានបញ្ជាក់ពីសូរសព្ទផ្ទុះយ៉ាងខ្លាំង និងសំឡេងយន្តហោះចម្បាំងហោះកាត់ពីលើមេឃ ខណៈយោធាប៉ាគីស្ថានសម្រុកវាយប្រហារតាមអាកាសលើគោលដៅយោធាសំខាន់ៗមួយចំនួន។

ប្រតិបត្តិការយោធាខ្នាតធំនេះ កើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងសាហាវនៅតាមព្រំដែន កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលភាគីទាំងសងខាងអះអាងថាបានសម្លាប់កងទ័ពគ្នាទៅវិញទៅមករាប់សិបនាក់។ ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ បានធ្លាក់ចុះដល់កម្រិតសូន្យ ចាប់តាំងពីការផ្ទុះអាវុធកាលពីខែតុលា ដែលបានសម្លាប់មនុស្សជាង៧០នាក់។ រដ្ឋធានីអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ក្រុមតាលីបង់ ថា បានផ្តល់ជម្រកសុវត្ថិភាពដល់ក្រុមសកម្មប្រយុទ្ធ ដែលវាយប្រហារលើប៉ាគីស្ថាន ប៉ុន្តែមេដឹកនាំតាលីបង់ បដិសេធ។ ទោះបីជាមានការសម្របសម្រួលពីសំណាក់ប្រទេសកាតា និងតួកគី ក៏ដោយ ក៏កិច្ចចរចាសន្តិភាព ត្រូវបរាជ័យទាំងស្រុង។

បច្ចុប្បន្ន នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាហ្ស ហ្សារីហ្វ (Shehbaz Sharif) បានប្រកាសថា កម្លាំងប្រដាប់អាវុធរបស់ខ្លួនមានសមត្ថភាពពេញលេញក្នុងការកម្ទេចមហិច្ឆតាឈ្លានពានណាមួយ។ ការប្រកាសសង្គ្រាមជាផ្លូវការនេះ បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ពីវិបត្តិមនុស្សធម៌ និងអស្ថិរភាពសន្តិសុខក្នុងតំបន់ ខណៈច្រកព្រំដែនដីគោកត្រូវបានបិទទាំងស្រុង ហើយការវាយប្រហារតាមអាកាស នៅតែបន្តកើតមានលើគោលដៅយុទ្ធសាស្ត្រក្នុងទឹកដីអាហ្គានីស្ថាន៕


