
អាស៊ីខាងត្បូង៖ ជម្លោះរវាងប៉ាគីស្ថាន និងអាហ្គានីស្ថាន បានឈានដល់កម្រិតអាសន្នបំផុត កាលថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ បន្ទាប់ពីកងទ័ពប៉ាគីស្ថាន ប្រើប្រាស់កម្លាំងទ័ពអាកាស និងកាំភ្លើងធំបាញ់សម្រុកចូលយ៉ាងជ្រៅក្នុងទឹកដីអាហ្គានីស្ថាន ដោយសម្លាប់កងកម្លាំងតាលីបង់ជាង៣០០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ...។

ទន្ទឹមនេះ ភាគីអាហ្គានីស្ថាន អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានមួយគ្រឿង និងចាប់ខ្លួនពីឡុតបានម្នាក់នៅទីក្រុង Jalalabad ប៉ុន្តែប៉ាគីស្ថានចេញមុខបដិសេធភ្លាមៗ។ យ៉ាងណា សាក្សីនៅទីក្រុង Jalalabad បានរាយការណ៍ថា ពួកគេឃើញពីឡុតម្នាក់ លោតឆត្រយោងចេញពីយន្តហោះ មុនពេលត្រូវបានកងទ័ពតាលីបង់ចាប់ខ្លួន។ ប្រតិបត្តិការសឹករបស់ប៉ាគីស្ថាន នាពេលនេះ ផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការវាយប្រហារលើក្រុមសកម្មប្រយុទ្ធ មកជាការវាយប្រហារចំគោលដៅរដ្ឋាភិបាលតាលីបង់ផ្ទាល់តែម្ដង រួមទាំងនៅទីក្រុងកាប៊ុល និងកង់ដាហារ ដែលជាមូលដ្ឋានរបស់មេដឹកនាំកំពូលតាលីបង់។ អ្នកនាំពាក្យតាលីបង់ លោក ហ្សាប៊ីហ៊ូឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) ក៏បានអះអាងដែរថា កងទ័ពរបស់ខ្លួនបានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥៥នាក់ និងចាប់ខ្លួនបានមួយចំនួនទៀត ជាការសងសឹក។

នៅក្នុងរបត់នយោបាយដ៏សំខាន់ សហរដ្ឋអាម៉េរិកបានប្រកាសគាំទ្រផ្នែកការទូតដល់ប៉ាគីស្ថាន ដោយទទួលស្គាល់សិទ្ធិក្នុងការការពារខ្លួនរបស់ប៉ាគីស្ថាន ប្រឆាំងនឹងការវាយប្រហារពីក្រុមតាលីបង់។ ការគាំទ្រនេះ កើតឡើងបន្ទាប់ពីការចរចារវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ខណៈប៉ាគីស្ថាននៅតែបន្តចោទប្រកាន់លើរបបតាលីបង់ ថាកំពុងផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធ TTP ដែលតែងតែបង្កភេរវកម្មក្នុងទឹកដីប៉ាគីស្ថាន។ ទោះបីជាមានការអំពាវនាវឱ្យមានការចរចាពីសំណាក់មន្ត្រីតាលីបង់ខ្លះក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពបច្ចុប្បន្ន គឺជាសង្គ្រាមបើកចំហ ពេញទំហឹងទៅហើយ៕



