អាហ្គានីស្ថានចោទប៉ាគីស្ថាន វាយប្រហារលើមន្ទីរពេទ្យស.ម្លា.ប់មនុស្ស៤០០នាក់
N
Nary Vann
17 មីនា 2026 04:00 AM

អាស៊ីខាងត្បូង៖ អាហ្គានីស្ថាន បានចោទប្រកាន់ប្រទេសប៉ាគីស្ថាន ថា បានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវឃោរឃៅ មកលើមន្ទីរពេទ្យស្ដារនីតិសម្បទាអ្នកញៀនថ្នាំមួយកន្លែងក្នុងរដ្ឋធានីកាប៊ុល បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៤០០នាក់បាត់បង់ជីវិត...។

លោក ហាំឌុលឡាហ៍ ហ្វីត្រាត (Hamdullah Fitrat) អ្នកនាំពាក្យរងរដ្ឋាភិបាលអាហ្គានីស្ថាន បញ្ជាក់ថា ការវាយប្រហារកើតឡើងនៅវេលាម៉ោង៩យប់ (ម៉ោងក្នុងស្រុក) ដោយបានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃមន្ទីរពេទ្យដែលមានអ្នកជំងឺរហូតដល់២០០០នាក់ ខណៈមនុស្សប្រមាណ២៥០នាក់បានរងរបួស។ រូបភាពវីដេអូដែលបង្ហោះលើបណ្តាញសង្គម បង្ហាញពីទិដ្ឋភាពដ៏រន្ធត់នៃកងកម្លាំងសង្គ្រោះកំពុងរុករកជនរងគ្រោះក្នុងគំនរបាក់បែក និងអណ្ដាតភ្លើង។ ដែលកំពុងកាយគំនរបាក់បែក និងពន្លត់អគ្គិភ័យ។ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្គានីស្ថាន លោក ហ្សាប៊ីហ៊ុលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) បានថ្កោលទោសយ៉ាងធ្ងន់ៗ ដោយហៅទង្វើនេះថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិ។

ជាការឆ្លើយតប ភាគីប៉ាគីស្ថាន បានចេញមុខបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់ដែលថា ខ្លួនបានវាយប្រហារលើមន្ទីរពេទ្យ។ រដ្ឋាភិបាលរដ្ឋធានីអ៊ីស្លាម៉ាបាដ បញ្ជាក់ថា ប្រតិបត្តិការតាមអាកាសធ្វើឡើងក្នុងតំបន់ភាគខាងកើតនៃប្រទេសអាហ្គានីស្ថាន គឺសំដៅតែលើគោលដៅយោធាប៉ុណ្ណោះ ហើយមិនមានការវាយប្រហារលើទីតាំងជនស៊ីវិលណាមួយ ដូចការលើកឡើងនោះទេ។ ការវាយប្រហារនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការបាញ់បោះដាក់គ្នាទៅវិញទៅមកនៅតាមព្រំដែន ដែលបានសម្លាប់មនុស្ស៤នាក់បន្ថែមទៀត ខណៈសង្គ្រាមរវាងប្រទេសជិតខាងទាំងពីរ បានឈានចូលដល់សប្តាហ៍ទី៣ ដែលជាការប៉ះទង្គិចដ៏សាហាវបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត