
រាជធានីភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានធ្វើសកម្មភាពចុះល្បាតជាង៣០០០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន៥៥១ករណី។ នេះបើយោងតាមទិន្នន័យបទល្មើសធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២មេសា ឆ្នាំ២០២៦។

ទិន្នន័យ បានបង្ហាញថា បទល្មើសធនធានធម្មជាតិទាំង៥៥១ករណី ត្រូវបានបង្រ្កាបតាមតំបន់ការពារធម្មជាតិចំនួន៧៣តំបន់ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ បទល្មើសបង្រ្កាបបាន រួមមាន បទល្មើសព្រៃឈើចំនួន១៦៤ករណី, បទល្មើសសត្វព្រៃចំនួន១៥៣ករណី, បទល្មើសដីធ្លីចំនួន១៤៩ករណី, និងបទល្មើសនេសាទ ចំនួន៧៨ករណី។ មន្រ្តីនគរបាលយុត្តិធម៌ ក្រសួងបរិស្ថាន បានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន២៧៦ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

ជាមួយគ្នានោះ វត្ថុតាងបទល្មើសដែលបង្រ្កាបបាន រួមមាន អេស្កា, ត្រាក់ទ័រ, រថយន្តច្នៃ, គោយន្ត, ម៉ូតូ, ឈើចម្រុះ រួមទាំងឈើប្រណិត, អន្ទាក់ឆក់, សត្វព្រៃងាប់ចំនួន១៣២គីឡូក្រាម, អន្ទាក់ខ្សែជាង៧១០០ខ្សែ, បង្គោលឈើជាង១៧០០ដើម, សត្វព្រៃរស់ចំនួន៣១ក្បាល និងវត្ថុផ្សេងៗមួយចំនួនទៀត។ ក្រសួងបញ្ជាក់ថា វត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ ដើម្បីបន្តនីតិវិធី។ គួរបញ្ជាក់ថា បង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន៥៥១ករណី នេះត្រូវបានរកឃើញមានការថយចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥៕





