
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ មានជនបរទេសចម្រុះជាតិសាសន៍១០៧នាក់ (ស្រី២៦នាក់) ត្រូវចាប់ខ្លួន ដោយសារសម្ងំលួចឆបោកលុយតាមអនឡាញ នៅក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីសត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង....។

លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរទីតាំងក្រុមហ៊ុនកាស៊ីណូខាងលើ បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ ព្រមទាំងរកឃើញជនបរទេស១០៧នាក់ មាន៤សញ្ជាតិ រួមមាន ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង វៀតណាម។ ប្រតិបត្តិការនេះ សម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ផ្អែកតាមការស្រាវជ្រាវ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ៤នាក់ បានលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈវេបសាយ BABY SLOT និង២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង និង២នាក់ទៀត រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅឱ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។ ចំណែកជនបរទេសចំនួន១០១នាក់ផ្សេងទៀត បានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី៕






