ក្រសួង៣ព្រមានចាត់ការតាមច្បាប់លើអ្នកផលិតមាតិកាណា ហ៊ានបង្ហាញសកម្មភាពស្ត្រីមានលក្ខណៈស្រើបស្រាល
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំរួម ក្រើនរំឮកអ្នកផលិតមាតិកា ត្រូវបញ្ឈប់រាល់ការផលិតគ្រប់រូបភាព ពីសកម្មភាពស្រី្តដែលមានលក្ខណៈអនាចារ និងស្រើបស្រាល ដើម្បីទាក់ទាញឱ្យមានអ្នកមើល និងចែករំលែកបន្តច្រើន។​ ករណីមិនស្តាប់តាមការណែនាំ ក្រសួង នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង

រូបតំណាង
រូបតំណាង

តាមរយៈសេចក្តីណែនាំរួម ក្រសួងទាំង៣ បានក្រើនរំឭកថា អ្នកផលិតមាតិកាត្រូវបញ្ឈប់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវសារជាអក្សរ សំឡេង វីដេអូ ឬ មាតិកាទាំងឡាយណា ដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ បង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ដូចជា ការស្លៀកពាក់ខើចលើខើចក្រោមជ្រុលហួសហេតុពេក កាយវិការត្រាប់តាមសកម្មភាពអាសអាភាស និងអំពើហិង្សាផ្ទុយនឹងសីលធម៌ប្រពៃណីខ្មែរ។ ជាមួយគ្នា អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ជាធរមាន ដោយមិនត្រូវផលិត និងចែករំលែកបន្ត ពីមាតិកាណាដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រី។

រូបតំណាង
រូបតំណាង

ការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា ហាមដាច់ខាតដាក់រូបភាព ឬភាសា ដែលបង្កប់នូវការរើសអើងភេទ និងការបំពានលើសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមនុស្សគ្រប់រូប។ ក្រសួងជំរុញ និងលើកទឹកចិត្តដល់ការផលិតមាតិកា ដែលបង្ហាញពីភាពច្នៃប្រឌិត ការអប់រំ បំណិនជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ ដើម្បីចូលរួមកសាងសង្គមមួយដែលមានចំណេះដឹង មានសីលធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ។ ក្រសួងក៏អំពាវនាវសាធារណជនចូលរួមផលិត និងចែកចាយបន្ត ពីមាតិកាដែលបង្ហាញអំពីខ្លឹមសារ សកម្មភាព និងរូបភាពនានា ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរ ការលើកតម្កើងកិត្តិយស និងគុណតម្លៃរបស់ស្ត្រីខ្មែរ ឱ្យបានទូលំទូលាយ និងបង្ហាញនូវការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គម ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត