មាត់​ប្រកាសបើកផ្លូវចរចា តែដៃបន្តចុចប៊ូតុងមីស៊ីល តើ ត្រាំ កំពុងធ្វើអ្វីឱ្យប្រាកដ?
ហៀប ស៊ីថេត
14 ម៉ោងមុន

មជ្ឈិមបូព៌ា៖ សង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល កម្ទេចអ៊ីរ៉ង់ កាន់តែឡើងកម្ដៅដល់ចំណុចគ្រោះថ្នាក់បំផុត។ ជាក់ស្តែង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប្រកាសត្រង់ៗពីគោលដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ីរ៉ង់ បន្ទាប់ពីជោគជ័យក្នុងការវាយប្រហារលើស្ពានដ៏ធំមួយនៅរដ្ឋធានីតេហេរ៉ង់ ដោយបានផ្តាច់យកជីវិតមនុស្សជាច្រើននាក់។ ជាមួយគ្នា រដ្ឋធានីវ៉ាស៊ីនតោន បានប្រើប្រាស់ការបំផ្លិចបំផ្លាញនេះ ជាល្បែងអុកចត្រង្គ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ដាក់គូទអង្គុយតុចរចា ដែលតាក់តែងឡើងដោយសេតវិមាន។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

កាន់តែក្ដៅជាងនេះទៅទៀតនោះ គឺកងកម្លាំងអាម៉េរិក បានវាយប្រហារលើស្ពាន B1 ក្នុងរដ្ឋធានីតេហេរ៉ង់ បណ្ដាលឱ្យមនុស្ស៨នាក់ស្លាប់ និង៩៥នាក់រងរបួស។ ជុំវិញការវាយប្រហារនេះ ភាគីអ៊ីរ៉ង់បញ្ជាក់ថា ជនរងគ្រោះគឺជាអ្នកស្រុកដែលកំពុងដើរកម្សាន្តបុណ្យចូលឆ្នាំថ្មី តែអាម៉េរិកអះអាងថា ស្ពាននេះជាផ្លូវផ្គត់ផ្គង់យោធា ដ្រូន និងមីស៊ីល។ ទោះបីជាសង្រ្គាមកម្ទេចអ៊ីរ៉ង់ឈានចូលសប្តាហ៍ទី៥ក៏ដោយ ក៏លោក ត្រាំ នៅតែប្រើបន្តពាក្យស្លោកដែលបង្កើតឡើងដោយខ្លួនឯងថា «បើកចំហសម្រាប់ផ្លូវការទូត» ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក បានព្រមានកម្ទេចរោងចក្រអគ្គិសនី និងស្ថានីយចម្រោះទឹកស្អាតទូទាំងប្រទេសអ៊ីរ៉ង់ ប្រសិនបើរដ្ឋធានីតេហេរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាព និងបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។  

អ្នកជំនាញច្បាប់សង្រ្គាម លើកឡើងថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាស្ពាន គឺជាទណ្ឌកម្មសមូហភាព ដែលខុសច្បាប់អន្តរជាតិ។ មនុស្សជាច្រើនយល់ថា ការវាយប្រហារនេះធ្វើឡើងក្នុងបំណងបង្ខិតបង្ខំផ្នែកនយោបាយការទូត ដើម្បីឱ្យអ៊ីរ៉ង់វិលចូលតុចរចា និងគោលតាមលក្ខខណ្ឌដែលខ្លួនបានកំណត់។ គួរបញ្ជាក់ថា ភ្លើងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ២០២៦ ក្រោយបរាជ័យនៃកិច្ចចរចានៅទីក្រុងហ្សឺណែវ និងបន្ទាប់ពី«ប្រតិបត្តិការញញួរកណ្តាលអធ្រាត្រ (Midnight Hammer)» របស់អាម៉េរិកកាលពីឆ្នាំ២០២៥ ដែលបានកម្ទេចទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ចំនួន៣កន្លែងរួចមកហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត