
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងស្ត្រីទី១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលដ៏សំខាន់មួយ និងធ្វើទស្សនកិច្ចការងារនៅប្រទេសបារាំងរយៈពេល៤ថ្ងៃ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦…។

បើតាមក្រសួងការបរទេស គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងធ្វើទស្សនកិច្ចការងារពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង។ ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ និងជាព្រឹត្តិការណ៍សំខាន់របស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

អំឡុងពេលស្នាក់នៅក្នុងប្រទេសបារាំង សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង ព្រមទាំងថ្នាក់ដឹកនាំប្រទេសផ្សេងៗមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕



