
រាជធានីភ្នំពេញ៖ អំឡុងពេលកម្ដៅកើនឡើងក្នុងចន្លោះពី៣៧ ទៅ៤១អង្សាសេ ក្រសួងសុខាភិបាល បានចេញមកក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេស ក្រសួងណែនាំកុំឱ្យងូតទឹកត្រជាក់ភ្លាមៗឱ្យសោះ បើទើបតែត្រឡប់មកពីកន្លែងដែលមានអាកាសធាតុក្ដៅ។

សេចក្ដីណែនាំក្រសួងសុខាភិបាល ចេញនៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា អាកាសធាតុក្ដៅខ្លាំង អាចបង្កឱ្យមនុស្សគ្រប់រូប ជាពិសេស មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមាន៖ បញ្ហានៅខួរក្បាល, ការខ្សោះជាតិទឹក, ជំងឺសរសៃឈាមបេះដូង, ជំងឺតម្រងនោម, ជំងឺថប់អារម្មណ៍, រមួលក្រពើ, រលាកផ្លូវដង្ហើម, រាករូស និងជំងឺគ្រុនពោះវៀន។ល។ ដូច្នេះ ដើម្បីថែទាំសុខភាព ចៀសឆ្ងាយពីជំងឺផ្សេងៗ ក្រសួងណែនាំឱ្យពលរដ្ឋពិសាទឹកស្អាតឱ្យបានញឹកញាប់ លើសពី២លីត្រក្នុង១ថ្ងៃចំពោះមនុស្សពេញវ័យ។ ចៀសវាងនៅក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ហើយត្រូវស្លៀកសម្លៀកបំពាក់ពណ៌ស្រាល រលុង និងពាក់មួកដែលមានគែមធំ ឬប្រើឆត្រ។

ជាមួយគ្នា ក្រសួងសុខាភិបាល ប្រកាសហាមដាច់ខាត មិនឱ្យពលរដ្ឋងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំងឡើយ និងត្រូវរក្សាអនាម័យខ្លួនប្រាណ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេស មុនញ៉ាំអាហារ និងក្រោយចេញពីបន្ទប់ទឹក។ ចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករច្រើន។ អ្នកដែលមានសមាជិកគ្រួសារជាមនុស្សចាស់ អ្នកកំពុងមានជំងឺ កុមារក្រោមអាយុ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ ត្រូវតែយកចិត្តទុកដាក់តាមដានសុខភាពពួកគាត់ឱ្យបានញឹកញាប់ ហើយបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ ត្រូវផ្លាស់ប្ដូរពួកគាត់ទៅរកទីកន្លែងត្រជាក់ និងត្រូវសម្រាក២ទៅ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យដល់សុខភាព។

ចៀសវាងការចោមរោមអ្នកជំងឺដែលមានបញ្ហាសុខភាព និងត្រូវស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ប្រសិនបើមិនធូរស្រាល។ ក្រសួងសុខាភិបាល ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវសហការឱ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន តាមដានស្ថានភាពសុខភាពប្រជាជនក្នុងមូលដ្ឋាន ជាពិសេសជនងាយរងគ្រោះ ដោយចាត់ចែងជាបន្ទាន់ក្នុងករណីប្រជាជនមានបញ្ហាសុខភាពណាមួយកើតឡើង៕




