«ចង់ឈប់ច្បាំ.ងជាមួយអ៊ីរ៉ង់ ចង់ដើរចេញពីអង្គការណាតូ» តើអ្វីជាបំណងពិតប្រាកដរបស់ ដូណាល់ ត្រាំ?
ហៀប ស៊ីថេត
5 ម៉ោងមុន

បទបរិយាយ៖ គ្រប់គ្នាកំពុងនឹកមិនឃើញ ស្មានមិនត្រូវ គិតមិនយល់ ចំពោះយុទ្ធសាស្ត្រប្រើប្រាស់សន្លឹកបៀរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចំពោះគោលបំណងនៃការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ក្នុងពេលដ៏ខ្លីខាងមុខ និងគំរាមដកខ្លួនចេញពីអង្គការណាតូ។ តើ ត្រាំ កំពុងប្រើល្បែងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ជាអាវុធ«សង្កត់-ក»អង្គការណាតូ និងដើម្បីច្បាមយកប្រជាប្រិយភាព មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឬយ៉ាងណា...?  ឬជាយុទ្ធសាស្ត្ររុះរើសណ្តាប់ធ្នាប់សន្តិសុខពិភពលោក ក្រោមបុព្វហេតុ America First...? 

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ត្រាំ រំពឹងថានឹងបញ្ចប់សង្គ្រាមក្នុងរយៈពេល ២ទៅ៣សប្តាហ៍ទៀតប៉ុណ្ណោះ ខណៈចៅហ្វាយសេតវិមានរូបនេះអះអាងថា គោលដៅយោធាអាម៉េរិកត្រូវបានសម្រេចហើយ ជាពិសេសគឺការធានាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ទោះយ៉ាងណា គម្រោងផែនការបញ្ចប់សង្គ្រាមត្រឹមរយៈពេលខ្លីខាងមុខនេះ ត្រូវបានគេមើលឃើញថា អាចជាយុទ្ធសាស្ត្ររបស់លោក ត្រាំ ដើម្បីដកឃ្លាយកពេលរៀបចំផែនការវាយប្រហារថ្មី និងដើម្បីរម្ងាប់កំហឹងប្រជាជនអាម៉េរិក ដែលកំពុងរិះគន់ខ្លាំងលើសង្គ្រាមនេះតែប៉ុណ្ណោះ ខណៈជនជាតិអាម៉េរិក២ភាគ៣ កំពុងខឹងសម្បារ ស្របពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិកនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ។ លើសពីនេះ អាម៉េរិកក៏ទំនងជាចង់ផ្លាស់ប្ដូរពីសង្គ្រាមទ្រង់ទ្រាយធំ ដែលចំណាយប្រាក់ច្រើន មកជាការប្រើប្រាស់ដ្រូន និងមីស៊ីលវិញ ដែលមានប្រសិទ្ធភាពជាង និងចំណាយតិចជាង។ តើអាចទេ...ដែលថា ត្រាំ ប្រកាសចង់បញ្ចប់សង្គ្រាមក្នុងរយៈពេលខ្លីជាយុទ្ធសាស្ត្រធ្វើឱ្យអ៊ីរ៉ង់ភ្លេចខ្លួន រួចវាយសង្គ្រុបយកតែម្តង...?

ទន្ទឹមគ្នានេះ លោក ត្រាំ ក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអង្គការណាតូ ដោយសារសម្ព័ន្ធមិត្តអឺរ៉ុបមិនបានជួយគាំទ្រសហរដ្ឋអាម៉េរិកក្នុងសង្គ្រាមនេះទេ ជាពិសេសលើបញ្ហាបិទផ្លូវទឹកច្រកសមុទ្ទហ័រមូស្ស។ លើសពីនេះ ត្រាំ កំពុងពិចារណាដកខ្លួនចេញពីសម្ព័ន្ធភាពការពារជាតិធំបំផុតលើលោកមួយនេះផងដែរ។ លោកក្ដៅស្លឹកត្រចៀកជាខ្លាំង ដែលអឺរ៉ុបទទួលបានផលប្រយោជន៍ពីការការពាររបស់អាម៉េរិក ប៉ុន្តែមិនព្រមជួយអន្តរាគមន៍ក្នុងវិបត្តិនៅច្រកសមុទ្ទហ័រមូស្ស ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ លើសពីនេះ លោក ត្រាំ ទំនងជាចង់ដឹងថា តើសម្ព័ន្ធមិត្តអឺរ៉ុបនឹងជ្រើសរើសច្បាប់អន្តរជាតិ ឬមិត្តភាពជាមួយអាម៉េរិក​សំខាន់ជាង...? ប្រសិនបើ ណាតូ មិនព្រមជួយនោះ ត្រាំ នឹងមានលេសគ្រប់គ្រាន់ក្នុងការកាត់បន្ថយការចំណាយលើវិស័យការពារជាតិនៅអឺរ៉ុប ស្របពេលអាម៉េរិក និងអង្គការណាតូមើលមុខគ្នាមិនចំរួចទៅហើយ ជុំវិញរឿងកោះទឹកកកហ្គ្រីនឡែន ឬហ្គ្រោអង់ឡង់។

ការបិទផ្លូវទឹកច្រកសមុទ្ទហ័រមូស្ស បណ្ដាលឱ្យខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រេងយន្តហោះ និងប្រេងម៉ាស៊ូតនៅអាស៊ី និងអឺរ៉ុប។ ទន្ទឹមនឹងនេះ ប៉ាគីស្ថានកំពុងព្យាយាមធ្វើជាអាជ្ញាកណ្ដាលដើម្បីសុំឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន ប៉ុន្តែអ៊ីរ៉ង់ទាមទារឱ្យមានការធានាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ ទើបព្រមបញ្ឈប់ការវាយប្រហារ។ មិនព្រមចុះចាញ់អាម៉េរិកស្រួលៗឡើយ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់បានគំរាមវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក រួមមាន៖ ម៉ៃក្រូសូហ្វ (Microsoft), ហ្គូហ្គល (Google), អែបផល (Apple), អ៊ិនថែល (Intel), អាយប៊ីអឹម (IBM), ថេសឡា (Tesla) និង ប៊ូអ៊ីង (Boeing) ដែលមានវត្តមាននៅក្នុងតំបន់ ប្រសិនបើសង្គ្រាមនៅតែបន្ត។ ទោះជាយ៉ាងណា លោក ត្រាំ បានបន្លឺសំឡេងដោយមិនខ្វាយខ្វល់បន្តិចថា លោកមិនមានការព្រួយបារម្ភចំពោះការគំរាមកំហែងនេះឡើយ។

ជារួម «មិត្តភាព ប្រជាធិបតេយ្យ និងសន្តិសុខសកល» គ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ បើប្រៀបធៀបផលប្រយោជន៍ និងអំណាចរបស់អាម៉េរិក ដែលលោក ត្រាំ តែងទន្ទេញជាប់មាត់ថា គិតអាម៉េរិកមុនគេបង្អស់ ឬ American First។ មែនទែនទៅ ការប្រកាសដកថយពីសង្គ្រាមអ៊ីរ៉ង់ មិនមែនជាការចុះចាញ់ទេ ហើយការគំរាមដើរចេញពីអង្គការណាតូ ក៏មិនមែនជារឿងលេងសើចដែរ។ បើទោះបីជាសេតវិមានអះអាងពីជោគជ័យលើសំណុំរឿងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែអណ្តាតភ្លើងនៃជម្លោះនៅច្រកសមុទ្ទហ័រមូស្សនៅតែបន្តគ្រោះថ្នាក់ ហើយការគំរាមកំហែងរបស់អ៊ីរ៉ង់លើការវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក ហាក់កំពុងស្ថិតក្នុងភាពហានិភ័យនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត