តើអាស៊ានត្រូវលះបង់អ្វីខ្លះ ដើម្បីបានសិទ្ធិដឹកប្រេងឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស?
ហៀប ស៊ីថេត
3 ម៉ោងមុន

អាស៊ាន៖ អ្នកវិភាគបានលើកឡើងថា បណ្តាប្រទេសនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដែលពឹងផ្អែកលើការនាំចូលថាមពលពីប្លុករដ្ឋឈូងសមុទ្ទ អាចនឹងត្រូវបង្ខំចិត្តចូលតុចរចាជាមួយអ៊ីរ៉ង់ ដើម្បីស្វែងរកផ្លូវសុវត្ថិភាពសម្រាប់នាវាដឹកជញ្ជូនប្រេងរបស់ខ្លួនក្នុងការឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ។

តាមពិតទៅ អ៊ីរ៉ង់បានប្រើប្រាស់ច្រកសមុទ្ទហ័រមូស្ស ដែលជាដង្ហើមប្រេងពិភពលោក២០ភាគរយ ជាចំណាប់ខ្មាំងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក ក្រោយអាម៉េរិក និងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារខ្លួន។ ជាក់ស្តែង អ៊ីរ៉ង់អនុញ្ញាតឱ្យឆ្លងកាត់ច្រកនេះ ​ចំពោះតែនាវាប្រទេសណាទាំងហ្លាយណា ដែលខ្លួនចាត់ទុកថាជា«មិត្ត ឬមិនគាំទ្រអាម៉េរិក-អ៊ីស្រាអែល»ប៉ុណ្ណោះ។ បច្ចុប្បន្ន ប្រទេសដែលទទួលបានការអនុញ្ញាត មានដូចជា៖ ចិន, ឥណ្ឌា, ប៉ាគីស្ថាន, ជប៉ុន, ថៃ និងម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា នាវាម៉ាឡេស៊ីនឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ដោយមិនបង់ថ្លៃ ដោយសាររាជធានីគូឡាឡាំពួរមានទំនាក់ទំនងការទូតល្អជាមួយរដ្ឋធានីតេហេរ៉ង់ និងជំហរមិនចូលបក្សសម្ព័ន្ធលោកខាងលិច។ ចំណែកថៃ ទោះបីជាសម្ព័ន្ធមិត្តផ្លូវការរបស់អាម៉េរិក ប៉ុន្តែរាជធានីបាងកកជាដៃគូរបស់ក្រុមប្រ៊ីក (BRICS) ដែលអ៊ីរ៉ង់ក៏ជាសមាជិកដែរ ដូច្នេះទើបមានការព្រមព្រៀងឱ្យនាវាប្រេងថៃឆ្លងកាត់ច្រកសមុទ្ទយុទ្ធសាស្ត្រនេះបាន។ ប៉ុន្តែគេនៅចាំបានថា មុនពេលអនុញ្ញាតឱ្យឆ្លងកាត់ អ៊ីរ៉ង់បានបាញ់កម្ទេចនាវាដឹងប្រេងថៃមួយគ្រឿងដែលមានឈ្មោះថា «មយូរី នារី» ធ្វើឱ្យនាវិក៣នាក់បាត់ខ្លួនមកដល់ឥឡូវ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ថែមទាំងបោះសម្តីឌឺដងថៃឡើងស្ពឹកមុខថែមទៀតផង។

យ៉ាងណា ប្រទេសមួយចំនួន ដូចជា ហ្វីលីពីន និងវៀតណាម អាចបង្ខំចិត្តចរចាជាមួយអ៊ីរ៉ង់ ខណៈការចរចានេះនឹងធ្វើឡើងតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់ ជាជាងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលអាចនឹងធ្វើឱ្យអាម៉េរិកខឹងសម្បារកាន់តែខ្លាំង។ ទន្ទឹមគ្នានេះ សិង្ហបុរីកំពុងស្ថិតក្នុងស្ថានភាពពិបាកក្នុងការសម្រេចចិត្តចរចាជាមួយអ៊ីរ៉ង់ ព្រោះតែសិង្ហបុរីជាមជ្ឈមណ្ឌលចម្រាញ់ប្រេងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ហើយជាពិសេសនោះ គឺមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយអាម៉េរិក និងអ៊ីស្រាអែល។ ដូច្នេះ ការចរចាជាមួយអ៊ីរ៉ង់នឹងមានភាពស្មុគស្មាញ ហើយប្រថុយប្រថានខ្លាំង។

ជុំវិញរឿងរ៉ាវនេះ អ្នកជំនាញផ្នែកសន្តិសុខសមុទ្ទបានសង្កត់ធ្ងន់ថា វិបត្តិនៅមជ្ឈិមបូព៌ា គឺជាមេរៀនដ៏ជូរចត់សម្រាប់អាស៊ាន។ ម្ល៉ោះហើយ អាស៊ានត្រូវបង្ខំចិត្តស្វែងរកប្រភពថាមពលចម្រុះ​ពីតំបន់ផ្សេងទៀត ដូចជា រុស្ស៊ី អាហ្វ្រិក ឬអាម៉េរិកឡាទីន។ សូមជម្រាបថា នេះគ្រាន់តែជាការបិទច្រកសមុទ្ទហ័រមូស្សតែប៉ុណ្ណោះ ប៉ុន្តែបើច្រកសមុទ្ទម៉ាឡាកាត្រូវបានបិទ ឬមានបញ្ហានាពេលអនាគតវិញនោះ វានឹងក្លាយជាសុបិនអាក្រក់បំផុតសម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា៕

រូបភាព៖ cna
រូបភាព៖ cna
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត