មីយ៉ាន់ម៉ាផ្អាកជើងហោះហើរក្នុងស្រុកស្ទើរតែទាំងស្រុង ដោយសារកង្វះប្រេងយន្តហោះ
N
Nary Vann
2 ថ្ងៃមុន

រដ្ឋធានីណៃពិដោ៖ បណ្តាក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗនៅក្នុងប្រទេសភូមាន ឬមីយ៉ាន់ម៉ា បានសម្រេចផ្អាកជើងហោះហើរក្នុងស្រុកជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២០ ខែមីនា ដោយសារវិបត្តិកង្វះខាតប្រេងយន្តហោះយ៉ាងធ្ងន់ធ្ងរ ដែលជាផ្នែកមួយនៃផលប៉ះពាល់សកលពីជម្លោះរវាងអ៊ីរ៉ង់ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។

ក្រុមហ៊ុនអាកាសចរណ៍ជាតិមីយ៉ាន់ម៉ា (MNA) បានប្រកាសបញ្ឈប់ការលក់សំបុត្រយន្តហោះជាបណ្ដោះអាសន្នសម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ ដោយរំពឹងថា នឹងអាចពិនិត្យស្ថានភាពឡើងវិញនៅអំឡុងខែមេសា។ ស្របពេលជាមួយគ្នា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (MAI)​ ក៏បានលុបចោលជើងហោះហើរក្នុងស្រុករបស់ខ្លួនដែរ ប៉ុន្តែនៅតែបន្តរក្សាជើងហោះហើរអន្តរជាតិទៅកាន់រាជធានីបាងកក និងសិង្ហបុរី តាមកាលវិភាគធម្មតា។

ក្រៅពីការផ្អាកជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍នានាក៏បានដាក់កំហិតយ៉ាងតឹងរ៉ឹងលើការទិញទម្ងន់វ៉ាលិសបន្ថែម (Additional Baggage) ផងដែរ។ ចាប់តាំងពីថ្ងៃទី១៩ ខែមីនាមក អ្នកដំណើរដែលហោះហើរពីរាជធានីបាងកក និងសិង្ហបុរី ទៅកាន់មីយ៉ាន់ម៉ា ត្រូវបានអនុញ្ញាតឱ្យទិញទម្ងន់បន្ថែមបានត្រឹមតែ១០គីឡូក្រាម ប៉ុណ្ណោះ ហើយសូម្បីតែសមាជិកកម្រិតខ្ពស់ (VIP) ក៏ត្រូវបានដកហូតសិទ្ធិទទួលបានទម្ងន់បន្ថែមដោយឥតគិតថ្លៃជាបណ្ដោះអាសន្នដែរ ដើម្បីកាត់បន្ថយទម្ងន់យន្តហោះ និងសន្សំសំចៃប្រេង។

កង្វះខាតប្រេងឥន្ធនៈនេះ ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងសកលជួបការរអាក់រអួលខ្លាំង។ វិបត្តិនេះ មិនត្រឹមតែប៉ះពាល់ដល់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបង្កការលំបាកដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសជាច្រើនទៀតក្នុងតំបន់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត