
រាជធានីភ្នំពេញ៖ ព្រំដែនកម្ពុជា-ថៃ នៅតែជាថ្មក្ដៅដែលមេដឹកនាំថៃ យកធ្វើជាលេសដើម្បីបើកការឈ្លានពានទឹកដីកម្ពុជា ដោយមិនចេះអៀនខ្មាស ទោះបីព្រំដែនប្រទេសទាំងពីរត្រូវបានខណ្ឌចែកដោយផែនទីអន្តរជាតិរួចរាល់អស់ហើយក្ដី។ ដើម្បីបិទបញ្ចប់មហិច្ឆតាឈ្លានពានរបស់ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ភាគីបារាំងដែលជាអតីតអាណាព្យាបាលខ្លួន ជួយផ្ដល់ការគាំទ្រលើបញ្ហាខាងលើនេះ…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៤មករា ឆ្នាំ២០២៦ បានផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានូអែល ម៉ាក្រុង ស្នើឱ្យពិចារណាផ្ដល់ការគាំទ្របច្ចេកទេសជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងជួយសម្រួលការទទួល និងផ្ដល់ឯកសារប្រវត្តិសាស្ត្រ បូករួមទាំងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។ «កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ»។ សម្ដេចធិបតីបញ្ជាក់បន្ថែម។

សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយលោកប្រធានាធិបតីបារាំង បង្ហាញឆន្ទៈក្នុងការត្រៀមខ្លួនផ្ដល់ជូននូវឯកសារប្រវត្តិសាស្ត្រ ផែនទី និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃ បើសិនជាមានសំណើសុំពីប្រទេសកម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា កម្ពុជាផ្តល់សារសំខាន់ចំពោះតួនាទីរបស់បារាំង ហើយកម្ពុជាជឿជាក់ថា ការបន្តចូលរួមចំណែករបស់បារាំងក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ នឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង អនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃ អាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយ៕





