ស្របពេលពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក៖ សម្ដេចធិបតីណែនាំម្ចាស់អាជីវកម្ម យកចិត្តទុកដាក់លើការផលិត និងចែកចាយឱ្យស្របតាមស្ដង់ដារ
S
Soriya Sou
03 វិច្ឆិកា 2025 04:15 AM

រាជធានីភ្នំពេញ៖ ទោះបីបច្ចុប្បន្ន ផលិតផលក្នុងស្រុកកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោយការពិការមិនប្រើផលិតផលថៃ ប៉ុន្តែ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចង់ឃើញការគាំទ្រនេះកាន់តែផុសផុលបន្ថែមទៀត ដែលទាមទារឱ្យគ្រប់ម្ចាស់អាជីវកម្មបន្តយកចិត្តទុកដាក់លើការផលិត និងចែកចាយស្របតាមស្ដង់ដារបច្ចេកទេស…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអបអរសាទរទិវាជាតិអាហាររូបត្ថម្ភ លើកទី១២ (៦វិច្ឆិកា ឆ្នាំ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។ តាមរយៈសារលិខិត ចុះថ្ងៃទី៣វិច្ឆិកា សម្ដេចធិបតី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប, រដ្ឋបាលថ្នាក់ក្រោមជាតិ, ម្ចាស់ក្រុមហ៊ុនសិប្បកម្ម, អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ, ផ្សារទំនើប, ភោជនីយដ្ឋាននានា, គ្រឹះស្ថានសិក្សា, រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាពស្របតាមស្ដង់ដារបច្ចេកទេស និងមានលក្ខខណ្ឌតម្រូវស្ដីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។

លើសពីនេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានណែនាំដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ» ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និង ការខ្ជះខ្ជាយម្ហូបអាហារ និង ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ។ ពោល ត្រូវធានាថា ច្បាប់ស្ដីពីម្ហូបអាហារ និងប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ ព្រមទាំងគោលការណ៍ណែនាំផ្សេងៗទៀត ត្រូវបានអនុវត្តតាម និង ផ្សព្វផ្សាយជាសាធារណៈដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីរួមគ្នាថែរក្សាសន្តិភាពដែលរកបានមកដោយលំបាក និងចូលរួមលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ សំដៅរួមចំណែកអភិវឌ្ឍមូលធនមនុស្ស សង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត