សម្ដេចធិបតី៖ បើថៃស្រឡាញ់សន្តិភាពពិត មិនត្រូវប្រើកម្លាំងយោធាវាយប្រហារភូមិប្រជាជនស៊ីវិលកម្ពុជាទេ
S
Soriya Sou
09 ធ្នូ 2025 03:30 AM

រាជធានីភ្នំពេញ៖ ផ្ទុយស្រឡះពីពាក្យធ្លាប់អះអាងប្រាប់អន្តរជាតិ ថា ថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ពេលនេះ ថៃកំពុងប្រើប្រាស់កម្លាំងយោធាវាយប្រហារមកលើកម្ពុជា បណ្ដាលឱ្យប្រជាជនស៊ីវិលកម្ពុជាជាច្រើននាក់ស្លាប់ និងរងរបួស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នេះឬពាក្យស្រឡាញ់សន្តិភាពដែលថៃតែងតែនិយាយនៅគ្រប់វេទិកា...?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី៨ធ្នូ បានបង្ហាញការភ្ញាក់ផ្អើលក្រោយបានឮថា កងទ័ពភូមិភាគទី១របស់ថៃ ប្រកាសប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធាចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀត នៅខេត្តបន្ទាយមានជ័យ។ សម្ដេចថា បើថៃពិតជាស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ដូចមេដឹកនាំថៃប្រកាសមែន រាជរដ្ឋាភិបាល និងកងទ័ពថៃ គួរតែប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា និងបានកំពុងអនុវត្តជាមួយគ្នា មិនត្រូវប្រើប្រាស់កម្លាំងយោធាវាយប្រហារលើភូមិប្រជាជនស៊ីវិល ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។

យោធាថៃបាញ់កាំភ្លើង នៅតំបន់អានសេះ ជាំក្សាន្ត ខេត្តព្រះវិហារ 
យោធាថៃបាញ់កាំភ្លើង នៅតំបន់អានសេះ ជាំក្សាន្ត ខេត្តព្រះវិហារ 

ស្របពេលកម្ពុជាកំពុងរងការវាយប្រហារយ៉ាងកម្រោលពីយោធាថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណាមករំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ នៅពេលដែលកងទ័ពយោធភូមិភាគទី១ថៃ ប្រកាសថា នឹងប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បែបនេះ វាផ្ទុយនឹងស្មារតីដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការវាស់វែង និងបោះបង្គោលព្រំដែនស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ដូច្នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថាជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែង និង បោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។

ប្រជាជនកម្ពុជានៅតំបន់ព្រំដែនដែលរងគ្រោះពីការវាយប្រហារពីយោធាថៃ នាំគ្នាភៀសខ្លួនចេញពីផ្ទះ ទៅរកទីសុវត្ថិភាព។
ប្រជាជនកម្ពុជានៅតំបន់ព្រំដែនដែលរងគ្រោះពីការវាយប្រហារពីយោធាថៃ នាំគ្នាភៀសខ្លួនចេញពីផ្ទះ ទៅរកទីសុវត្ថិភាព។

«នេះជាវិធីសាស្ដ្រងាយបំផុត តម្លាភាពបំផុត និងយុត្តិធម៌បំផុត ព្រោះកម្ពុជាគ្មានគោលបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងទេ។ ការវាស់វែងបានលទ្ធផលយ៉ាងណា កម្ពុជានឹងគោរពតាម។ ខ្ញុំសង្ឃឹមថា ប្រទេសថៃនឹងមានភាពស្មោះត្រង់ ក្នុងការទទួលយកលទ្ធផលដូចគ្នា»។ នេះជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត