រាជរដ្ឋាភិបាលវាយតម្លៃលើទិដ្ឋភាពសំខាន់៣ ស្តារជីវភាពពលរដ្ឋកម្ពុជាពីការរងផលប៉ះពាល់ដោយសារថៃឈ្លានពាន
S
Soriya Sou
11 មករា 2026 03:00 AM

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងវាយតម្លៃទៅលើទិដ្ឋភាពសំខាន់ៗចំនួន៣ ដើម្បីស្ដារជីវភាពរបស់បងប្អូនប្រជាជាពលរដ្ឋ រងផលប៉ះពាល់ដោយសារសង្រ្គាមនៅតំបន់ព្រំដែន ដែលឈ្លានពានដោយយោធាថៃ...។

ទិដ្ឋភាពសំខាន់ដែលរាជរដ្ឋាភិបាលបាននិងកំពុងវាយតម្លៃ រួមមាន៖ ១.ផលប៉ះពាល់លើផលដំណាំ, ២.ស្ថានភាពបំណុល និង៣.ការស្តារឡើងវិញជាបន្ទាន់ នូវសេវាសាធារណៈចាំបាច់ ជាពិសេស៖ បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ រួមទាំងបណ្តាញដែលស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិបត្តិករឯកជន។ សារពិសេសផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាយប់ថ្ងៃទី១០មករា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងសេចក្តីត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ គាំព៌ាជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក នៅពេលត្រលប់ទៅកាន់លំនៅឋានវិញ សំដៅស្តារជីវភាព និងជំរុញដំណើរការរស់នៅប្រចាំថ្ងៃឡើងវិញឱ្យបានឆាប់រហ័ស។

«ចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលបានទទួលរងការខូចខាត មានជាអាថ៌ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្ដាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលប៉ះពាល់ខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍ ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្ដែង»។ ដោយឡែក ជុំវិញបំណុលខ្ចីពីធនាគារ សម្តេចធិបតីបានបន្តស្នើឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បន្តពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការសម្រាលបន្ទុកយោធិនកម្ពុជា និងពលរដ្ឋជនភៀសសឹក ដែលរងផលប៉ះពាល់ផ្ទាល់ ដោយសារជម្លោះនៅព្រំដែន។

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះចលនាមហាជនដ៏ផុសផុលនៅក្នុងការចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ដ ក៏ដូចជាការផ្ដល់ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់នានាជូនដល់វីរកងទ័ព វីរនគរបាលជួរមុខ និងបងប្អូនភៀសសឹកកន្លងមក។ ជាពិសេស ស្មារតីស្នេហាជាតិមាតុភូមិ និងការរួបរួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយដ៏រឹងមាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត