រដ្ឋមន្រ្តី ណែនាំឱ្យគ្រូពេទ្យចាត់ទុកអ្នកជំងឺជាជនរងគ្រោះ ដែលត្រូវសង្រ្គោះបន្ទាន់
S
Soriya Sou
4 ម៉ោងមុន

ក្រុងសៀមរាប៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់ក្រុមគ្រួពេទ្យទូទាំងប្រទេស ត្រូវចាត់ទុកពួកគាត់ជាជនរងគ្រោះ ដែលត្រូវការការជួយសង្គ្រោះបន្ទាន់។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប កាលពីថ្ងៃទី២៣មីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់បុគ្គលិកសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេស ត្រូវតែពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីមនុស្សធម៌ជាចម្បង។

ជាពិសេស គ្រូពេទ្យមិនត្រូវចាត់ទុកអ្នកជំងឺត្រឹមតែជាអតិថិជនក្នុងន័យអាជីវកម្មនោះទេ ប៉ុន្តែត្រូវចាត់ទុកពួកគាត់ជាជនរងគ្រោះដែលកំពុងរង់ចាំ និងត្រូវការជាចាំបាច់នូវការសង្គ្រោះ និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យ ដើម្បីឱ្យពួកគាត់មានសេចក្ដីសង្ឃឹមក្នុងជីវិត និងកាន់តែមានជំនឿទុកចិត្ត ភាពកក់ក្ដៅ។ នេះជាការណែនាំរបស់លោករដ្ឋមន្រ្តីដដែល។ 

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

លោក ឈាង រ៉ា បន្ថែមថា វិស័យសុខាភិបាលត្រូវបានយកចិត្តទុកដាក់ជាអាទិភាពយ៉ាងខ្លាំងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្រសួងបានបង្កើតហិរញ្ញប្បទានសុខាភិបាល គោលការណ៍លើកលែងបង់ថ្លៃសេវា ការកំណត់អត្តសញ្ញាណជនក្រីក្រ និងមូលនិធិសមធម៌ និងមូលនិធិជំនួយសង្គមផ្សេងៗ សម្រាប់បង់ថ្លៃជួសជនក្រីក្រដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដល់ជីវិតដោយសារតែមានបញ្ហាសុខភាព និងរបាំងហិរញ្ញវត្ថុ។ ដូច្នេះ ផ្អែកលើគោលនយោបាយ និងការងារអាទិភាពទាំងនេះ លោករដ្ឋមន្រ្តីស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដោះស្រាយបញ្ហាដោយលម្អិត ដោះស្រាយនៅនឹងកន្លែង និងក្នុងនាមជាអ្នកផ្ដល់សេវាព្យាបាលថែទាំសុខភាព ត្រូវប្រើឥរិយាបថឱ្យបានសមរម្យ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ក្រុមគ្រូពេទ្យត្រូវឈរលើគោលការណ៍បច្ចេកទេស មនុស្សធម៌ គុណធម៌ សុជីវធម៌ និងស្មារតីភ្ញាក់រឭកខ្ពស់។ លោក ឈាង រ៉ា បានសង្កត់ធ្ងន់ឱ្យក្រុមគ្រូពេទ្យចងចាំថាគ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ ជួយឱ្យអ្នកជំងឺមានភាពកក់ក្ដៅ ស្របតាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៖ «គ្រូពេទ្យមានតួនាទីធ្វើការជំនួសទេវតា»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត