
រាជធានីភ្នំពេញ៖ តំណាងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNFPA) លោកស្រី សានត្រា បឺនក្លាវ (Sandra Bernklau) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកសម្ភារបរិក្ខារពេទ្យចំនួន៧០កញ្ចប់ ប្រគល់ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីសង្គ្រោះជីវិត និងគាំពារសុខភាពបន្តពូជនៅសហគមន៍តាមព្រំដែនមានជម្លោះជាប់ប្រទេសថៃ។

រដ្ឋមន្ត្រីសុខាភិបាកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែផលប៉ះពាល់ផ្នែកសុខភាពនៅតែបន្តកើតមាន។ លោកអះអាងថា៖«កញ្ចប់សម្ភារទាំង៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗនឹងត្រូវដាក់ពង្រាយ ដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន»។

ជាមួយគ្នានេះ លោក ឈាង រ៉ា ចាតទុក ការផ្ដល់ជំនួយរបស់អង្គការ UNFPA នាពេលនេះបង្ហាញពីភាពជាដៃគូយូរអង្វែង ការគាំទ្រនេះមិនត្រឹមតែបង្ហាញពីសមត្ថភាពឆ្លើយតបសង្គ្រោះបន្ទាន់របស់ UNFPA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក។ ម៉្យាងវិញទៀត លោករដ្ឋមន្រ្តី ប្តេជ្ញាចិត្តមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសក្រសួងនឹងផ្តល់អាទិភាពខ្ពស់ក្នុងការធានាថា សេវាសុខភាពបន្តដំណើរការជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកស្រី Sandra Bernklau ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់លោករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុមសុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់ព្រំដែន។

គួរជ្រាបថា កញ្ចប់សម្ភារបរិក្ខារទាំងនោះ រួមមាន៖ កញ្ចប់សម្ភារសម្រាប់ការសម្អាត និងអនាម័យ ដើម្បីគាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាពនៅជំរំភៀសសឹក និងក្នុងសហគមន៍, ឧបករណ៍ជំនួយក្នុងការសម្រាលកូន ក្នុងនោះមានទាំងឧបករណ៍ដែលអាចប្រើឡើងវិញបាន និងឱសថសំខាន់ៗសម្រាប់គ្រឹះស្ថានសុខាភិបាល, កញ្ចប់សម្រាប់សង្គ្រោះបន្ទាន់ និងថែទាំផ្នែកសម្ភព ដើម្បីគ្រប់គ្រងផលវិបាកនៃការវះកាត់នៃផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត, កញ្ចប់ឧបករណ៍ឯកទេសសំខាន់ៗសម្រាប់គ្រប់គ្រងផលវិបាកនៃការរលូតកូន ។ល។ តាមក្រសួងសុខាភិបាល កញ្ចប់ជំនួយសម្ភារបរិក្ខារចំនួន៧០កញ្ចប់នេះ ត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាល រួមមានឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើត៕








