រាជរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា២ដំណាលគ្នា កត់ត្រាប្រវត្តិចាក់វ៉ាក់សាំង និងតាមដានភាពស្របច្បាប់នៃពេទ្យឯកជន
S
Soriya Sou
13 មីនា 2026 03:01 AM


រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា និងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាចំនួន រួមមាន៖ ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល…។

សេចក្ដីប្រកាសរួមរបស់ក្រសួងទាំងពីរ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាលគ្នា នូវប្រព័ន្ធបច្ចេកវិទ្យាទាំងពីរ ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង និងកត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំង និងតាមដានស្ថានភាព ក៏ដូចជាភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជន។ ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ គឺជាថ្នាលឌីជីថលដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលក្នុងការប្រើប្រាស់ វាអាចជំនួសឱ្យការកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការដោយដៃ និងប្រើក្រដាស ទៅជាការកត់ត្រាតាមប្រព័ន្ធឌីជីថលដោយស្វ័យប្រវត្តិ ដែលរួមមាន៖ កាលវិភាគផ្តល់ថ្នាំបង្ការសម្រាប់ទារកអាយុក្រោម២ឆ្នាំ, ការផ្ដល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនសម្រាប់កុមារីអាយុ៩ឆ្នាំ, ការផ្ដល់វ៉ាក់សាំងតេតាណូស និងខាន់ស្លាក់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជអាយុចាប់ពី១៥ឆ្នាំដល់៤៤ឆ្នាំ, និងវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដូចជាវ៉ាក់សាំងកូវីដ-១៩ ជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។

ដោយឡែក ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងមើលទីតាំងនៃមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា, ស្វែងយល់ពីទំហំ និងប្រភេទនៃមូលដ្ឋានសុខាភិបាលឯកជននីមួយៗ (ចំនួននិងប្រភេទបុគ្គលិក ប្រភេទនៃមូលដ្ឋានសុខាភិបាល និងប្រភេទសេវា) និងដើម្បីតាមដានស្ថានភាព និងភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជន។ ប្រព័ន្ធនេះ មានមុខងារសំខាន់ៗដូចជា៖ បច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានសុខាភិបាល, ស្ថិតិនៃស្ថានភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជននីមួយៗ រួមមាន៖ អាជ្ញាបណ្ណកំពុងមានសុពលភាព, អាជ្ញាបណ្ណជិត ផុតសុពលភាព (រយៈពេលយ៉ាងតិចជាង៩០ថ្ងៃ) និងអាជ្ញាបណ្ណផុតសុពលភាព, បញ្ជីឈ្មោះមូលដ្ឋានសុខាភិបាល និងស្វែងរកទីតាំង។

បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យា២ខាងលើ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ បានប្ដេជ្ញាបន្តសហការគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានាបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបដិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត